[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Rolls-Royce Spectre Semaphore ជាប្រភេទរថយន្តអគ្គិសនី ដែលត្រូវបានបំផុសគំនិតផលិតឡើងយ៉ាងពិសេសរចនាចេញពីសម្រស់របស់រដ្ឋ California សហរដ្ឋអាមេរិក ខណៈតម្លៃលក់ត្រូវបានគេរំពឹងថាចាប់ផ្តើមពី ៤២២,៧៥០ ដុល្លារ ។
ចំពោះការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះ ត្រូវបានតុបតែងជាមួយពណ៌ Semaphore Yellow បំពាក់ជាមួយប៉ាណាមុខរចនាថ្មី Pantheon grille និងថាសកង់ស្ព័ររចនាយ៉ាងពិសេស។ មិនត្រឹមតែប៉ុណ្ណោះ ការឌីស្សាញផ្នែកខាងមុខរបស់រថយន្តនេះ បានចំណាយពេលធ្វើអស់រយៈពេលប្រមាណ ១៦០ ម៉ោង។
សម្រាប់ការរចនាផ្នែកខាងក្នុង ត្រូវបានរចនាឡើងដោយពណ៌លឿងស្រាលដូចគ្នាទៅនឹងផ្ទៃខាងក្រៅ បំពាកជាមួយសម្ភារៈប្រណិតៗដូចជា កៅអី ដៃទ្វាខាងក្នុង តាបឡូ និងប្រអប់លេខឌីជីថល។ លើសពីនេះទៅទៀត កាប៊ីនរបស់រថយន្តនេះទាំងមូលត្រូវបានតុបតែងដោយឈើពណ៌ Cashmere Gray និងស្រោបដោយក្រូម៉េ ដើម្បីបង្កើនពន្លឺចែងចាំងសម្រាប់ផ្ទៃខាងក្នុង។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តដ៏ប្រណិតនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំងបាន ៥៧៧ សេះ និងកម្លាំងរមួល ៨៩៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១២០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤២៨ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។ គួរបញ្ជក់ផងថា រថយន្ត EV នេះនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងកម្មវិធី The Quail: A Motorsport Gathering នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នេះ៕