កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនី Samsung SDI បានធ្វើការប្រកាសដាក់បង្ហាញចេញនូវអាគុយ EV របស់ខ្លួន ដែលមានសមត្ថភាពបញ្ចូលថ្មបានលឿន និងមានអាយុកាលប្រើប្រាស់បានយូរ ជាមួយតម្លៃលក់លើទីផ្សារលក្ខណៈសមរម្យ។
ក្នុងអំឡុងពេលពិព័រណ៍ SNE Battery Day ឆ្នាំ២០២៤ នៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុន Samsung បានធ្វើការបង្ហាញនូវអាគុយរថយន្តអគ្គិសនីដ៏ទំនើបរបស់ខ្លួនដែលមានឈ្មោះថា Solid-State Battery សម្រាប់ប្រើប្រាស់ក្នុងរថយន្តដែលអាចឲរថយន្តបើកបរមានចម្ងាយខ្ទង់ ៩៦៥ គីឡូម៉ែត្រ នៅពេលសាកពេញម្តង រួមជាមួយសមត្ថភាពសាកថ្មល្បឿនលឿនអាចសាកឡើងពី ៨ ទៅ ៨០ ភាគរយ ចំណាយពេលត្រឹមតែ ៩ នាទី និងមានអាយុកាលប្រើប្រាស់បានរហូតដល់ទៅ ២០ឆ្នាំ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Samsung SDI ផ្ទាល់មានគោលបំណងអភិវឌ្ឍបច្ចេកវិទ្យាអាគុយអគ្គិសនីនេះដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនសំខាន់នៅក្នុងទីផ្សារអាគុយ EV ដូចជាក្រុមហ៊ុនចិន រួមជាមួយការពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនផងដែរ។ សម្រាប់ការផលិតទ្រង់ទ្រាយធំត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៦។
គួរឲដឹងថា អាគុយនេះ ត្រូវបានផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា cell-to-pack (CTP) សម្រាប់ផលិតកោសិកា prismatic ដែលកោសិកានេះអាចកាត់បន្ថយចំនួនសមាសធាតុផ្សេងៗច្រើនជាង ៣៥ ភាគរយ និងទម្ងន់ ២០ ភាគរយ ធ្វើឲវាក្លាយជាអាគុយដែលមានគុណភាព គ្មានការសាយភាយកំដៅដែលអាចបង្កជាការផ្ទុះ ឬបង្កជាផលប៉ះពាល់អ្វីផ្សេងឡើយ។