កាលពីពេលថ្មីៗនេះ ប្រទេសថៃបានប្រកាសមហិច្ឆតាមួយដ៏ធំរបស់ខ្លួនថា ពួកគេចង់ក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយលើកឡើងថា ឧស្សាហកម្មផលិតរថយន្តអគ្គិសនីអាចនឹងមានការថយចុះនៅក្នុងតំបន់ខ្លះក្នុងពិភពលោក ដូចជាសហរដ្ឋអាមេរិក ប៉ុន្តែមិនមែននៅក្នុងប្រទេសថៃនោះទេ។ ក្រុមប្រឹក្សាវិនិយោគ BOI របស់ប្រទេសថៃ បាននិយាយបន្ថែមទៀតថា នៅក្នុងប្រទេសថៃពេលនេះមានគម្រោងចំនួន ២៤ ដែលនឹងត្រូវបានអនុម័តក្នុងពេលឆាប់ៗនេះដើម្បីផលិតរថយន្តអគ្គិសនីគ្រប់ប្រភេទដូចជារថយន្តអគ្គិសនីសុទ្ធ រថយន្ត BEV និងរថយន្តកូនកាត់ជាដើម។
គោលនយោបាយថ្មីនេះត្រូវបានអនុម័តចាប់តាំងពីរដ្ឋាភិបាលថ្មីដែលដឹកនាំដោយនាយករដ្ឋមន្ត្រី លោកស្រី ថាវស៊ីន បានចូលកាន់អំណាចកាលពីខែកញ្ញា ឆ្នាំ២០២៣ មកម្លេះដើម្បីធ្វើឱ្យប្រទេសរបស់ខ្លួនក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនី។ គោលដៅថ្មីនេះបានធ្វើឲប្រទេសថៃសម្រចចិត្តកាត់បន្ថយពន្ធគយយ៉ាងច្រើនពី ៨ ភាគរយ មកត្រឹម ២ ភាគរយ សម្រាប់ការផលិតរថយន្តអគ្គិសនីរួមជាមួយនឹងការកាត់បន្ថយពន្ធនាំចូលសម្រាប់គ្រឿងបន្លាស់រថយន្តកូនកាត់រហូតដល់ ៤០ ភាគរយផងដែរ។
នៅពេលគោលដៅថ្មីនេះ ត្រូវបានអនុម័តរួចរាល់ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ការផលិតរថយន្តអគ្គិសនីក្នុងប្រទេសថៃនឹងមានចំនួនច្រើនជាងកន្លះលានគ្រឿងក្នុងមួយឆ្នាំ បើគិតជាប្រាក់គឺ ៥,៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ការកំណត់គោលដៅថ្មីនេះត្រូវបានរំពឹងថានឹងបម្លែងការប្រើប្រាស់យានជំនិះក្នុងប្រទេសថៃចំនួន ៣០ ភាគរយ (រថយន្ត ៧២៥,០០០ គ្រឿង និងម៉ូតូចំនួន ៦៧៥,០០០ គ្រឿង) ទៅជាយានជំនិះដែលគ្មានការបំភាយឧស្ម័ននៅត្រឹមឆ្នាំ២០៣០។
គួរឲដឹងថា វិស័យឧស្សាហកម្មយាន្តយន្តបានរួមចំណែកនៃ GDP របស់ប្រទេសថៃប្រហែល ១០ ភាគរយ និងផ្តល់ឪកាសការងារដល់ប្រជាជនថៃប្រមាណ ៨៥មុឺននាក់។