កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ប្រទេសចិន Shengshu AI បានធ្វើការបើកដំណើរការជាផ្លូវការនូវមុខងារ AI ថ្មីមួយដែលគេឲឈ្មោះថា Vidu ជាមួយសមត្ថភាពបង្កើតវីដេអូក្នុងរយៈពេលខ្លី សម្រាប់ប្រើប្រាស់ទូទាំងពិភពលោក។
Vidu គឺជាមុខងារ AI មួយដែលគាំទ្រទាំងការវាយបញ្ចូលអក្សរចិន និងអង់គ្លេស។ គួរបញ្ជាក់ថា Vidu ត្រូវបានដាក់ឲប្រើប្រាស់ជាលើកដំបូងនៅក្នុងខែមេសា អាចបង្កើតឈុតវីដេអូខ្លីៗរយៈពេល ៤ វិនាទីក្នុងរយៈពេលត្រឹមតែ ៣០ វិនាទី ប៉ុណ្ណោះ។
បច្ចេកវិទ្យានេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊៊ុន Shengshu ផ្អែកលើគ្រោងឆ្អឹង U-ViT ដែលដឹកនាំស្រាវជ្រាវដោយក្រុមលោក Zhu Jun ដែលជាប្រធានអ្នកវិទ្យាសាស្ត្ររបស់ក្រុមហ៊ុន និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Tsinghua រួមទាំងអតីតនិស្សិត Tsinghua ជាច្រើននាក់ផងដែរ។ លើសពីនេះទៅទៀត Vidu ត្រូវបានគេរំពឹងថានឹងក្លាយជាដៃគូប្រកួតប្រជែងមួយខ្លាំងជាមួយ Sora AI របស់ OpenAI ។
ចំពោះការដាក់ឲប្រើប្រាស់នូវមុខងា AI នេះ ក្រុមហ៊ុន Shengshu បានទាក់ទាញការវិនិយោគសំខាន់ៗជាច្រើន ដោយទទួលបានប្រាក់រាប់សិបលានដុល្លារពីការគាំទ្ររបស់ក្រុមហ៊ុនចិនមួយចំនួនដូចជា Qiming Venture Partners, Baidu, Ant Group របស់ Alibaba និងមូលនិធិវិនិយោគ Beijing AI Industry Investment Fund ជាដើម។