ជាការពិតណាស់ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ដែលជាគម្រោងផ្លូវល្បឿនលឿនទី ៣ របស់កម្ពុជា ត្រូវបានបានសិក្សា និងបញ្ចប់ការរាប់ចំនួន និងទិសដៅចរាចរណ៍ការ (Traffic volume survey) សិក្សាជលសាស្ត្រ (Hydrological survey) ការសិក្សាភូគព្ភសាស្ត្រ (Geotechnical survey) ការសិក្សាវាស់ស្ទង់ (Topographi cal survey) ការសិក្សាវាស់ស្ទង់វត្ថុបុរាណ និងធនធានធម្មជាតិ (cultural relics and nature reserves survey)។
បច្ចុប្បន្នក្រុមហ៊ុន បាន និងកំពុងសិក្សារៀបចំបូកសរុបវាយតម្លៃសន្និដ្ឋាន នៅការិយាល័យ នឹងអាចដាក់ជូនរាជរដ្ឋាភិបាលពិនិត្យនាពេលខាងមុខនេះ។
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត មានប្រវែងផ្លូវសរុបប្រមាណ ៤២០ គីឡូម៉ែត្រ ដោយមានចំណុចចាប់ផ្តើមចេញពីមហាវិថីឈ្នះឈ្នះ រាជធានីភ្នំពេញ ដោយឆ្លងកាត់រាជធានីភ្នំពេញ ៣ គីឡូម៉ែត្រ ខេត្តកណ្ដាល ១៨ គីឡូម៉ែត្រ ខេត្តកំពង់ចាម ៤៣ គីឡូម៉ែត្រ (មានផ្លូវប្តូរទិសចរាចរណ៍ចំនួន ១ និងតំបន់ផ្តល់សេវាកម្មចំនួន១) ខេត្តកំពង់ធំ ១៣១ គីឡូម៉ែត្រ (មានផ្លូវប្តូរទិសចរាចរណ៍ចំនួន ៣ និងតំបន់ផ្តល់សេវាកម្មចំនួន ៤) ខេត្តសៀមរាប ១៣០ គីឡូម៉ែត្រ (មានផ្លូវប្តូរទិសចរាចរណ៍ចំនួន ៥ តំបន់ផ្តល់សេវាកម្មចំនួន ១ និិងចំណតរថយន្តចំនួន ១) ខេត្តបន្ទាយមានជ័យ ៩៥ គីឡូម៉ែត្រ (មានផ្លូវប្ដូរទិសចរាចរណ៍ចំនួន ១ តំបន់ផ្តល់សេវាកម្មចំនួន ១ និងចំណតរថយន្តចំនួន ១) និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ព្រំដែនកម្ពុជា-ថៃ)។
គួរបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត នេះត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន China Road and Bridge Corporation (CRBC) ជាអ្នកវិនិយោគដោយហេតុយល់ថា ក្រុមហ៊ុននេះមានបទពិសោធន៍ និងទទួលស្គាល់ជាអន្តរជាតិលើការសិក្សា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ ក៏ដូចជាមានបទពិសោធន៍សាងសង់ និងធ្វើអាជីវកម្មលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ព្រមទាំងបាន និងកំពុងវិនិយោគសាងសង់ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងបាវិតផងដែរ។
ចំពោះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត នេះមានលក្ខណៈដូចគ្នានឹងគម្រោងផ្លូវល្បឿនលឿនពី (រាជធានីភ្នំពេញ-ក្រុងព្រះសីហនុ) និង(រាជធានីភ្នំពេញ-ក្រុងបាវិត) ដោយផ្លូវនេះជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ និងចែកជា ៤ គន្លង មានទទឹងតួផ្លូវសរុប ២៤,៥ ម៉ែត្រ (២គន្លងទៅ ២គន្លងមក) មានទទឹងតួផ្លូវ ៣,៧៥ ម៉ែត្រ ទ្រូងផ្លូវ ៣ ម៉ែត្រ គន្លងផ្លូវឈប់ ២,៥ ម៉ែត្រ និងចិញ្ចើមផ្លូវ ០,៧៥ ម៉ែត្រ អាចបើកបរបានល្បឿនចាប់ពី ១០០ ទៅ ១២០ គីឡូម៉ែត្រ/ម៉ោង។
គម្រោងនេះត្រូវបានចែកចេញជា ២ ជំហាន ដោយគម្រោងជំហានទី ១ (រាជធានីភ្នំពេញ-សៀមរាប) មានប្រវែងសរុប ២៤៩ គីឡូម៉ែត្រ ចំណាយថវិកាសាងសង់ប្រមាណ ២,៥ ពាន់លានដុល្លារ និងជំហានទី២ (សៀមរាប-ប៉ោយប៉ែត) មានប្រវែងសរុប ១៥១ គីឡូម៉ែត្រ ចំណាយថវិកាសាងសង់ប្រមាណ ១,៧ ពាន់លានដុល្លារ៕