ក្រុមហ៊ុន OPPO បានប្រកាសចេញ Reno Series ថ្មីគឺ Reno12 និង Reno12 Pro ដែលមកជាមួយរូបរាងកាន់តែប្រណីតជាងមុន ស្ដើងជាងមុន និងស្រាលជាងមុនផងដែរ។
Reno12 Series មានបំពាក់អេក្រង់ OLED ៦,៧អ៊ីញ អាចបង្ហាញរូបកម្រិត 1,080 x 2,412ភីកសែល និងមាន refresh rate 120Hz។ វាស្រដៀងនឹងម៉ូដែលមុនដែរ ប៉ុន្តែពេលនេះទាំងផ្នែកខាងលើ និងខាងក្រោមនៃផ្ទៃអេក្រង់សុទ្ធតែមានភាពកោង មិនមែនកោងតែផ្នែកចំហៀងនោះឡើយ។
Reno12 មានកម្រាស់ ៧,២៥ម.ម និងទម្ងន់ ១៧៩ក្រាម ធៀបនឹង Reno11 មានកម្រាស់ ៧,៦ម.ម និងទម្ងន់ ១៨៤ក្រាម។ ចំណែក Reno12 Pro វិញមានកម្រាស់ ៧,៥៥ម.ម និងទម្ងន់ ១៨៣ក្រាម ធៀបនឹង Reno11 Pro មានកម្រាស់ ៨,២ម.ម និងទម្ងន់ ១៩០ក្រាម។
ស្មាតហ្វូនទាំងពីរមានថាមពលថ្មទំហំដូចគ្នាគឺ 5000mAh និងអាចសាកកម្លាំង 80W ដែល OPPO និយាយថាវានៅអាចរក្សាសុខភាពថ្មបាន ៩៥% ក្រោយពីឆ្លងកាត់វដ្ដសាក ១០០០ដង។
ចំណុចខុសគ្នានៃស្មាតហ្វូនទាំងពីរគឺនៅត្រង់កាមេរ៉ា ដោយ Pro មានកាមេរ៉ាគោល 50MP ដែលប្រើ Sensor MX890 និងមានកាមេរ៉ា Telephoto 2x ទំហំ 50MP រួមនឹង Ultrawide ទំហំ 8MP។
សម្រាប់ Reno12 ធម្មតា មានកាមេរ៉ាគោល 50MP ដូចគ្នា តែមាន Sensor ទំហំតូចជាង ហើយមានកាមេរ៉ា Telephoto 2x ទំហំ 50MP រួមនឹង Ultrawide ទំហំ 8MP ដូចគ្នា។ ស្មាតហ្វូនទាំងពីរសុទ្ធតែមានកាមេរ៉ាមុខ 50MP។
ចំណុចខុសប្លែកមួយទៀតគឺ Reno12 ប្រើប្រាស់ឈីប Dimensity 8250 និងមាន RAM 12GB ឬ 16GB ជាមួយអង្គផ្ទុក 256GB ឬ 512GB។ ចំណែក Reno12 Pro ប្រើឈីប Dimensity 9200+ និងមាន RAM 12GB ឬ 16GB ជាមួយអង្គផ្ទុក 256GB ឬ 512GB។
គួរដឹងថា Reno12 មានតម្លៃចាប់ពី ៣៧៥ដុល្លារ និង Reno12 Pro មានតម្លៃចាប់ពី ៤៧០ដុល្លារ ជាតម្លៃលើទីផ្សារប្រទេសចិន៕