ក្រុមហ៊ុន Apple បានដកកម្មវិធីផ្ញើសារ និងបណ្ដាញទំនាក់ទំនងសង្គមល្បីៗចេញពី App Store នៅក្នុងប្រទេសចិន ក្រោយពីមានការបញ្ជាពីរដ្ឋាភិបាលចិន។ នេះបើតាមការចុះផ្សាយរបស់កាសែត Wall Street Journal។
កម្មវិធីដែលបានដកចេញមានដូចជា WhatsApp, Telegram, Signal និងកម្មវិធី Threads ផងដែរ។ ក្នុងសេចក្ដីប្រកាសដែលបានចែករំលែកជាមួយស្ថាប័នព័ត៌មានមួយចំនួន Apple និយាយថានិយ័តករអ៊ីនធឺណិតជាតិចិន បានបញ្ជាឲ្យលុបកម្មវិធីទាំងអស់នេះចេញពី App Store ក្នុងប្រទេសចិន ដោយសារការព្រួយបារម្ភលើសុវត្ថិភាពជាតិ។
Apple បន្តលើកឡើងថាខ្លួនមានភារកិច្ចត្រូវគោរពតាមច្បាប់ប្រទេសដែលខ្លួនមានធ្វើប្រតិបត្តិការ ទោះបីជាពួកគេមិនឯកភាពក៏ដោយ។
កន្លងមកក្រុមហ៊ុន Apple ធ្លាប់បានអនុលោមដោយបទបញ្ជាស្រដៀងគ្នានេះពីរដ្ឋាភិបាលចិន ដោយបានលុបចោលកម្មវិធីទាក់ទងនឹង VPN ឬ ព័ត៌មាន ចេញពី App Store ក្នុងប្រទេសចិន៕