ស្មាតហ្វូន Huawei Pura 70 Series បានបង្ហាញវត្តមានជាផ្លូវការក្នុងនាមជាអ្នកស្នងតំណែងស្មាតហ្វូន Huawei P60 Series ដែលបានប្រកាសចេញកាលពីឆ្នាំ២០២៣កន្លងទៅ និងបានក្លាយជាស្មាតហ្វូនដែលមានកាមេរ៉ាល្អដាច់គេមួយប្រចាំឆ្នាំ។
គ្រួសារ Huawei Pura 70 Series មានសមាជិកចំនួនបួន រួមមាន Pura 70, Pura 70 Pro, Pura 70 Pro Plus និងបងធំប្រចាំគ្រួសារគឺ Pura 70 Ultra។ Huawei មិនបានប្រាប់ពីឈីបដែលញាត់ក្នុងស្មាតហ្វូននេះទេ ប៉ុន្តែដំណឹងនាពេលកន្លងមកបានអះអាងថាយ៉ាងហោចណាស់មានមួយម៉ូដែលគឺមានប្រើប្រាស់ឈីប Kirin 9010 ដែលមាន CPU ១២គ្រាប់ អមជាមួយ GPU Maleoon 910 ដែលផលិតដោយ Huawei ផ្ទាល់។
ស្មាតហ្វូនទាំងបួន មានចំណុចដូចគ្នាមួយចំនួន ដូចជាមានអេក្រង់ OLED អាចបង្ហាញរូបភាពកម្រិត 1.5K និងមាន Refresh Rate 120Hz ប្រភេទ LTPO និងអាចបាញ់ពន្លឺបានខ្ពស់ដល់ 2500nits។ ពួកវាមានកាមេរ៉ា Selfie ទំហំ 13MP, ប្រើ Harmony OS 4.2 និងមានទ្រនាប់ស្កេនខ្ចៅដៃបង្កប់លើអេក្រង់។
សម្រាប់ Pro, Pro Plus និង Ultra អាចសាកថ្មប្រើខ្សែកម្លាំង 100W សាកឥតប្រើខ្សែកម្លាំង 80W និងអាចសាកថ្មឲ្យឧបករណ៍ដទៃបានក្នុងកម្លាំង 20W។ ដោយឡែក Huawei Pura 70 ធម្មតាវិញ សាកប្រើខ្សែកម្លាំង 66W សាកឥតខ្សែកម្លាំង 50W និងសាកឲ្យឧបករណ៍ដទៃបានកម្លាំង 7.5W។
Huawei Pura 70 Ultra ជាស្មាតហ្វូន Ultra ដំបូងរបស់ Huawei ដែលវាមានភាពលេចធ្លោនៅត្រង់កាមេរ៉ាតែម្ដង។ ក្រុមហ៊ុន Huawei បានបង្អួតពីកាមេរ៉ាគោលដែលអាចពន្លៀនចេញក្រៅបាន ដោយវាមាន Sensor ទំហំធំដល់ ១អ៊ីញ និងអាចប្រែប្រួល Aperture បានពី f/1.6 ទៅ f/4.0 និងមានបច្ចេកវិទ្យាទប់លំនឹង sensor-shift ថែមទៀត។
Pura 70 Ultra បានបំពាក់នូវកាមេរ៉ា Telephoto ទំហំ 50MP 3.5x ដោយវាអាចថតរូប Macro បានក្នុងចម្ងាយត្រឹម ៥ស.ម ដែលពីមុនត្រូវថតចម្ងាយ ១០ស.ម។ កាមេរ៉ា Ultrawide ក៏មានដែរ ដែលមានទំហំ 40MP។
ផ្នែកលេចធ្លោផ្សេងទៀតរបស់ Pura 70 Ultra គឺមានថ្មទំហំ 5200mA មាន RAM ទំហំ 16GB និងអង្គផ្ទុកជម្រើស 512GB ឬ 1TB។
អតិថិជននៅប្រទេសចិនដែលចង់កាន់ Pura 70 Ultra ត្រូវចំណាយចាប់ពីប្រមាណ ១៣៨១ដុល្លារ ខណៈ Pura 70 Pro Plus មានតម្លៃចាប់ពីប្រមាណ ១១០៥ដុល្លារ និង Pura 70 Pro មានតម្លៃចាប់ពីប្រមាណ ៨៩៨ដុល្លារ ឯ Pura 70 ធម្មតាមានតម្លៃចាប់ពីប្រមាណ ៧៦០ដុល្លារ៕