តម្លៃជាមធ្យមសម្រាប់ខុនដូថ្មី និងលក់បន្ត នៅក្នុងប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ចុះនៅឆ្នាំនេះ ដោយសារខុនដូដែលលក់មិនដាច់ គឺច្រើនខ្លាំងពេក ខណៈខុនដូថ្មីចេះតែរីកឡើងជាបន្តបន្ទាប់។
អ្នកស្រី Nalinrat Chareonsuphong នាយកគ្រប់គ្រងក្រុមហ៊ុនពិគ្រោះយោបល់ Nexus Property Marketing Co បាននិយាយថា តម្លៃជាមធ្យមនៃខុនដូថ្មីដែលត្រូវបានដាក់ឲ្យដំណើរការនៅទីក្រុងបាងកក ក្នុងឆ្នាំនេះ នឹងធ្លាក់ចុះ ៥ ភាគរយ។
លោកស្រីបានបន្ថែមថា “ការលក់ខុនដូថ្មីនឹងមានកម្រិតទាបនៅឆ្នាំនេះ ដោយសារមានខុនដូចំនួនប្រហែល ៣៣ ០០០ យូនិត ត្រូវបានសាងសង់រួចរាល់ ដែលនឹងក្លាយជាចំណែកបន្ថែមទៀតសម្រាប់ខុនដូដែលកំពុងសល់ស្រាប់”។
ជាមួយគ្នានេះដែរ លោកស្រី Nalinrat បានឲ្យដឹងថា តម្លៃជាមធ្យមនៃខុនដូសម្រាប់លក់បន្ត ក៏គួរតែធ្លាក់ចុះផងដែរដោយសារទទួលរងសម្ពាធពីខុនដូដែលទើបសាងសង់រួចថ្មីនៅឆ្នាំនេះ ហើយតម្លៃកំពុងធ្លាក់ចុះដល់កម្រិតកាលពីប៉ុន្មានឆ្នាំមុន។
គួរឲ្យដឹងថា កាលពីថ្ងៃពុធ ក្រុមហ៊ុន Nexus បានរាយការណ៍ថា តម្លៃខុនដូជាមធ្យមនៅទីក្រុងបាងកក បានធ្លាក់ចុះចំនួន ១១ ភាគរយ មកនៅត្រឹម ១២៦ ៩០៩ បាតក្នុងមួយម៉ែត្រការ៉េ ក្នុងត្រីមាសទី ៤ កាលពីឆ្នាំមុន ពោលគឺធ្លាក់ចុះពីតម្លៃ ១៤១ ៨០០ បាត កាលពីឆ្នាំមុន៕