ក្រុមហ៊ុន Apple បានបញ្ចប់គម្រោងការអភិវឌ្ឍន៍អេក្រង់ microLED ដោយខ្លួនឯង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ដែលសារព័ត៌មាននេះធ្លាប់រាយការណ៍ថា Apple កំពុងសម្ងំអភិវឌ្ឍន៍គម្រោងការនេះ។
អេក្រង់ microLED មានតម្លៃថ្លៃខ្លាំងពេក និងមានភាពស្មុគស្មាញខ្លាំងសម្រាប់ឲ្យ Apple អាចផលិតវាបាន ហេតុនេះ Apple កំពុងកែប្រែរចនាសម្ព័ន្ធក្រុមការងារវិស្វកររបស់ខ្លួន និងបានជម្រុះបុគ្គលិកនៅសហរដ្ឋអាមេរិក និងអាស៊ីផងដែរ។
ដំណឹងអំពីការលុបចោលគម្រោងការអភិវឌ្ឍន៍អេក្រង់ microLED ដែលគ្រោងប្រើលើនាឡិកា Apple Watch បានលេចចេញដំបូងកាលពីខែកុម្ភៈ នៅពេលដៃគូផ្គត់ផ្គង់ ams OSRAM និយាយថាគម្រោងការអេក្រង់ microLED នេះត្រូវបានរំសាយចោល។ ក្រោយមកក៏មានលេចឮដំណឹងថា Apple បានបញ្ចប់ភាពជាដៃគូជាមួយក្រុមហ៊ុន Kulicke & Soffa ជាក្រុមហ៊ុនដែលជំនាញលើផ្នែកអេក្រង់នេះ។
ប្រភព Bloomberg បានអះអាងថា Apple នឹងនៅប្រើប្រាស់អេក្រង់ OLED សម្រាប់នាឡិកា Apple Watch ក្នុងពេលបច្ចុប្បន្ននេះ ប៉ុន្តែ Apple ក៏នឹងនៅសម្លឹងមើលបច្ចេកវិទ្យាអេក្រង់ microLED ផងដែរ តារយៈការសង្កេតមើលក្រុមហ៊ុនផ្គត់ផ្គង់ដែលមានសក្ដានុពលក្នុងការផលិតអេក្រង់ប្រភេទនេះ៕