CEO ក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk និងយោធាអាមេរិក មានគម្រោងចង់ផលិតគ្រាប់រ៉ុក្កែតដែលមានល្បឿន ១២ ០០០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលអាចដឹកទំនិញបាន ៨០តោន ទៅគ្រប់ទីកន្លែងនៅក្នុងពិភពលោក ក្នុងរយៈពេលត្រឹមតែ ៦០នាទីប៉ុណ្ណោះ។
ស្ថិតនៅក្រោមកុងត្រាព្រមព្រៀងគ្នាថ្មីមួយ SpaceX នឹងប៉ាន់ស្មានតម្លៃ និងបញ្ហាបច្ចេកទេស ចំពោះគម្រោងមួយនេះ ខណៈការចាប់ផ្តើមធ្វើតេស្តដំបូង អាចនឹងកើតឡើងក្នុងឆ្នាំ២០២១។ នេះបើយោងតាមលោកឧត្តមសេនីយ៍ Stephen Lyons មេបញ្ជាការនៃបញ្ជាការដឹកជញ្ជូនសហរដ្ឋអាមេរិក ប្រាប់ឲ្យដឹងកាលពីថ្ងៃពុធកន្លងទៅ។
ក្នុងនោះផងដែរ គេហទំព័រ The Times ក៏បានបញ្ជាក់ថា ចម្ងាយផ្លូវ ១២ ០០០គីឡូម៉ែត្រ ចាប់ពីរដ្ឋ Florida ទៅកាន់ប្រទេសអាហ្វកានីស្ថាន អាចនឹងទៅរួចតាមរយៈគ្រាប់រ៉ុក្កែតល្បឿនលឿន។ បើប្រៀបធៀបជាមួយនឹង យន្តហោះដឹកទំនិញអាមេរិក US C-17 Globemaster ដែលមានតម្លៃ ២១៨លានដុល្លារ និងល្បឿនអតិបរមា ៩៥០គីឡូម៉ែត្រក្នុងមួយម៉ោង អាចចំណាយពេលប្រហែល ១៥ម៉ោងឯណោះ។
គួរឲ្យដឹងថា នៅក្នុងគម្រោងខាងលើនេះ ក៏មានចូលរួមដោយក្រុមហ៊ុនអាវកាស Exploration Architecture Corporation (Xarc) ផងដែរ៕