ការដេញថ្លៃស្តេចត្រីធូណាប្រចាំឆ្នាំនៅទីក្រុងតូក្យូ បានបញ្ចប់ទៅកាលពីថ្ងៃអង្គារ ដោយគ្មានសង្រ្គាមដេញថ្លៃដ៏ក្តៅគគុក ដូចឆ្នាំមុនៗនោះទេ ដោយគេលើកឡើងថាវាមកពីបញ្ហាជំងឺរាតត្បាតកូវីដ១៩ ដែលធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មភោជនីយដ្ឋាន។
នៅក្នុងពិធីដេញថ្លៃស្តេចត្រីធូណាដែលថ្លៃជាងគេបំផុត គឺ ត្រីធូណាត្រនុងខៀវ ទម្ងន់ ២០៨ គីឡូក្រាម ដែលចាប់បាននៅតំបន់ Aomori ភាគខាងជើងនៃប្រទេសជប៉ុន ដែលត្រូវបានគេស្គាល់ថាជាត្រីធូណាមានគុណភាពខ្ពស់ ហើយវាត្រូវបានអ្នកដេញថ្លៃម្នាក់ទៀតទិញក្នុងតម្លៃ ២០,៨៤ លានយ៉េន (ឬប្រហែល ២០២ ០០០ដុល្លារ)។
គួរឲ្យដឹងថា តម្លៃខាងលើគ្រាន់តែជាចំណែកតូចមួយប៉ុណ្ណោះ បើប្រៀបធៀបនឹងតម្លៃត្រីធូណាដែល អ្នកជំនួញ Kiyoshi Kimura បានទិញ។
ជាក់ស្តែង កាលពីឆ្នាំមុន Kimura បានចំណាយលុយដល់ទៅ ១,៨ លានដុល្លារ សម្រាប់ត្រីធូណាត្រនុងខៀវ ទម្ងន់ ២៧៦ គីឡូក្រាមមួយក្បាល ហើយកាលពីឆ្នាំ ២០១៩ លោកបានចំណាយលុយចំនួន ៣,១ លានដុល្លារសម្រាប់ត្រីទម្ងន់ ២៧៨ គីឡូក្រាម៕