[ទីផ្សារបរទេស] រថយន្ត BYD ទី៦លានគ្រឿង បានរំកិលខ្លួនចេញពីរោងចក្រនៅប្រទេសចិន ដោយវាគឺជាម៉ូដែល Fang Cheng Bao Bao 5 ជារថយន្ត SUV ប្រភេទ Off-Road ទើបបង្ហាញវត្តមានលើទីផ្សារកាលពីថ្ងៃទី៩ ខែវិច្ឆិកា។
ជាមួយរថយន្តទី៦លានគ្រឿងនេះ មានន័យថា BYD ចំណាយពេលត្រឹមតែ ៣ខែប៉ុណ្ណោះ ក្នុងការផលិតរថយន្តថាមពលថ្មីបាន១លានគ្រឿង ដែលនេះបង្ហាញអំពីការបង្កើតការផលិតកាន់តែច្រើនជាងមុន។
ជាការប្រៀបធៀប BYD ប្រើពេល១៣ឆ្នាំ ដើម្បីផលិតរថយន្តថាមពលថ្មីបាន ១លានគ្រឿង ចាប់តាំងពីការចេញលក់រថយន្ត BYD F3 DM នាឆ្នាំ២០០៨។ ក្រុមហ៊ុនបានសម្រេចការផលិតរថយន្តបាន ២លានគ្រឿង ក្នុងពេល១២ខែបន្ទាប់ ខណៈរថយន្តទី៣លានគ្រឿង សម្រេចបានត្រឹមពេល ៦ខែ។
ដោយឡែក BYD បានបន្ថែមរថយន្តថាមពលថ្មី ២លានគ្រឿង ទៀតក្នុងពេលត្រឹម ៩ខែ និងបន្តសម្រេចការផលិតរថយន្តទី៦លានគ្រឿង នៅពេល៣ខែបន្ទាប់។
បច្ចុប្បន្ននេះ BYD មានរោងចក្រផលិតចំនួន ៩នៅប្រទេសចិន ដែលមានទីតាំងនៅតំបន់ Xi’an, Jinan, Zhengzhou, Changzhou, Xiangyang, Hefei, Changsha, Fuzhou និង Shenzhen។ រោងចក្រទាំងនេះ ផ្គត់ផ្គង់រថយន្តទៅកាន់ប្រទេសចំនួន ៥៨ រួមទាំងប្រទេសចិន។ ជាងនេះទៀត BYD គ្រោងផលិតរោងចក្រនៅប្រទេសថៃ និងនៅប្រទេសប្រេស៊ីលផងដែរ៕