[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota រួមជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនពីររបស់ខ្លួន នឹងលក់ភាគហ៊ុនមានតម្លៃប្រមាណ ៤,៧ពាន់លានដុល្លារ ដែលមានក្នុងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់យានយន្ត Denso។
សរុបជារួម ការលក់ភាគហ៊ុននេះស្មើនឹងប្រមាណ ១០% នៃភាគហ៊ុនរបស់ Denso ដោយពាក់កណ្ដាលរំពឹងថាជាចំណែករបស់ Toyota ខណៈចំណែកដែលនៅសល់គឺជាភាគហ៊ុនកាន់កាប់ដោយក្រុមហ៊ុន Toyota Industries និង Aisin ដែលជាក្រុមហ៊ុនចំណុះ Toyota។
ទោះយ៉ាងណា Toyota នឹងនៅតែជាម្ចាស់ភាគហ៊ុនធំជាងគេប្រចាំនៅ Denso ដោយគិតត្រឹមខែកញ្ញា Toyota កាន់កាប់ភាគហ៊ុន ២៤,២% ក្នុងក្រុមហ៊ុន Denso។
ទាក់ទងនឹងហេតុផលនៃការលក់នេះ មិនត្រូវបាន Toyota ប្រកាសឲ្យដឹងជាសាធារណៈនោះឡើយ ប៉ុន្តែគេសង្កេតឃើញថា Toyota កំពុងបង្កើនការផលិតរថយន្តអគ្គិសនី និងបានវិនិយោគទឹកប្រាក់ច្រើនសន្ធឹកលើការស្រាវជ្រាវ និងអភិវឌ្ឍន៍រថយន្តអនាគតនេះផងដែរ៕