[ទីផ្សារបរទេស] រថយន្តដំបូងដែល Toyota បានផលិតគឺជារថយន្តភីកអាប់ម៉ូដែល G1 ដែលបានផលិតកាលពីខែសីហា ឆ្នាំ១៩៣៥ ហើយក្រោយពីចំណាយពេលអស់ ៨៨ឆ្នាំ Toyota អាចសម្រេចបានការផលិតរថយន្ត ៣០០លានគ្រឿង ដែលសម្រេចបានកាលពីខែចុងកញ្ញាកន្លងទៅ។
ក្នុងរយៈពេលជិត ៩ទសវត្ស ក្រុមហ៊ុន Toyota ផលិតរថយន្តបានជាង ១៨០លានគ្រឿងនៅរោងចក្រក្នុងប្រទេសខ្លួន ខណៈដែលជិត ១២០លានគ្រឿង បានផលិតនៅក្រៅប្រទេសជប៉ុន។
ដូចជាការរំពឹងដូច្នោះដែរ គឺរថយន្ត Corolla ជាម៉ូដែលពេញនិយមជាងគេ ដោយផលិតបាន ៥៣,៣៩លានគ្រឿង ឯណោះ។ ម៉ូដែល Corolla នេះ បានកើតតាំងពីឆ្នាំ១៩៦៦ និងមានទ្រង់ទ្រាយជាច្រើនប្រភេទ មានតាំងពី Sedan, Hatchback, Wagon, Coupe និងមានជា Minivan ថែមទៀត។
ក្នុងឆ្នាំ២០២២ ក្រុមហ៊ុន Toyota អាចដឹកជញ្ជូនរថយន្តបាន ១០,៥លានគ្រឿង និងបានក្លាយជាក្រុមហ៊ុនដែលលក់រថយន្តចេញបានច្រើនជាងគេក្នុងរយៈពេល ៣ឆ្នាំជាប់គ្នា។
រថយន្តរបស់ Toyota កាន់តែមានច្រើនជម្រើសឡើង បន្ទាប់ពីរថយន្តម៉ូដែល Crown បានបែកខ្លួនចេញជា ៤ម៉ូដែលផ្សេងៗគ្នាទៀត ហើយថ្មីៗកន្លងទៅ Toyota ក៏បានបន្ថែមរថយន្ត Century SUV មួយបន្ថែមទៀតផងដែរ៕