[ទីផ្សារបរទេស] ត្បិតថាចំនួនលក់នៃរថយន្តអគ្គិសនីកំពុងតែមានការកើនឡើងឥតឈប់ឈរក្ដី ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តចាប់ផ្ដើមព្រួយបារម្ភថាតម្រូវការចំពោះរថយន្តអគ្គិសនី នឹងមិនអាចប៉ះប៉ូវជាមួយការបណ្ដាក់ទុនដ៏ច្រើនពាន់លានដុល្លាររបស់ក្រុមហ៊ុន។
កត្តាធំមួយ ដែលការព្រួយបារម្ភធំរបស់ក្រុមហ៊ុនរថយន្តធំៗ គឺអត្រាការប្រាក់កម្ចីទិញរថយន្តដែលមានការកើនឡើងខ្ពស់។ លោក Elon Musk នាយកប្រតិបត្តិ Tesla បាននិយាយកាលពីថ្មីៗនេះថា លោកបារម្ភចំពោះអត្រាការប្រាក់ខ្ពស់ ដែលអតិថិជនត្រូវបង់ចាំប្រចាំខែ ប្រសិនបើការប្រាក់ខ្ពស់ រថយន្តនឹងពិបាកក្នុងការលក់ចេញ។
Tesla ក៏បានប្រកាសកាត់បន្ថយសកម្មភាពសាងសង់រោងចក្រនៅឯប្រទេសម៉ិកស៊ីកូ ដោយលើកហេតុផលថាហិរញ្ញវត្ថុបច្ចុប្បន្នមិនមានស្ថិរភាព។ ទន្ទឹមនោះដែរ Honda និង General Motors បានលុបចោលគម្រោងការសហការគ្នាតម្លៃ ៥ពាន់លានដុល្លារ ដែលផ្ដោតលើការផលិតរថយន្ត SUV អគ្គិសនីតម្លៃសមរម្យ។
ស្រដៀងគ្នានេះ Ford បានប្រកាសថាការផលិតរថយន្តភីកអាប់អគ្គិសនី F-150 Lightning នៅសហរដ្ឋអាមេរិក នឹងត្រូវបន្ថយលឿនជាបណ្ដោះអាសន្ន ដោយសារក្រុមហ៊ុនត្រូវបង្វិលការវិនិយោគទៅលើរថយន្តសាំង និងរថយន្ត Hybrid ជំនួសវិញ។
តម្រូវការលើវត្ថុធាតុដើមក្នុងការផលិតរថយន្តអគ្គិសនី មានការថមថយ បានបណ្ដាលឲ្យតម្លៃនៃវត្ថុធាតុដើមមានការថយចុះដូចគ្នា។ តាមការចុះផ្សាយរបស់ Reuters ឲ្យដឹងថា វត្ថុធាតុដើមលីចូម ថយចុះតម្លៃ ៦៧% ខណៈដែលវត្ថុធាតុដើមកូប័ល មានការថយចុះ ២០% ផងដែរ ក្នុងឆ្នាំ២០២៣នេះ។
មិនត្រឹមតែក្រុមហ៊ុនអាមេរិកនោះទេដែលព្រួយបារម្ភ ប៉ុន្តែតម្រូវការរថយន្តអគ្គិសនីតម្លៃធូរនៅប្រទេសចិន មិនទាន់ឈានដល់ចំណុចខ្ពស់មួយដូចជាទីផ្សារអឺរ៉ុបឡើយ។ ក្រុមហ៊ុនផលិតអាគុយចិន CATL និយាយថាត្រីមាសទីបី ជាត្រីមាសដែលចំណូលទាបជាងគេប្រចាំឆ្នាំ ដោយសារការថយចុះតម្រូវការ និងការប្រកួតប្រជែងមានការកើនឡើង។
នៅត្រីមាសទីបីនៃឆ្នាំ២០២៣ ក៏មានជាព័ត៌មានវិជ្ជមានមួយចំនួនផងដែរ ដោយវាគឺជាលើកដំបូងដែលចំនួនលក់រថយន្តអគ្គិសនីកើនដល់ ៣០ម៉ឺនគ្រឿងនៅសហរដ្ឋអាមេរិក ឯការលក់នៅអឺរ៉ុបមានការកើនឡើង ១៤,៣% និងការលក់នៅចិនកើនឡើង ២២%៕