[ទីផ្សារបរទេស] ក្រុមហ៊ុន DJI បានប្រកាសចេញកូនកាមេរ៉ាជំនាញខាងថត Vlog ម៉ូដែល Osmo Pocket ជំនាន់ទីបី ដោយជំនាន់ថ្មីនេះបានមកជាមួយនូវ Sensor CMOS ទំហំដល់ ១អ៊ីញ និងមានអេក្រង់ Touch ទំហំ ២អ៊ីញ អាចបង្វិលចុះឡើងបាន។
ជាមួយកាមេរ៉ាជំនាន់ថ្មីនេះគឺអាចថតវីដេអូបានដល់កម្រិត 4k/120fps ជាមួយបច្ចេកវិទ្យារក្សាលំនឹងវីដេអូ three-axis ដែលជាបច្ចេកវិទ្យារក្សាលំនឹងដ៏ខ្លាំងក្លាមួយ។
បើតាម DJI បានឲ្យដឹងថា តាមរយៈការប្រើប្រាស់ Sensor ទំហំ ១អ៊ីញ អាចឲ្យ Osmo Pocket 3 ផលិតវីដេអូបានស្អាតនៅក្នុងទីងងឹត ហើយវាក៏អាចថតវីដេអូប្រភេទពណ៌ 10-bit D-Log M ជាមួយនឹងពណ៌ 10-bit HLG បានទៀតផង។
ធៀបនឹង Osmo Pocket 2 វាមាន Sensor CMOS ទំហំ 64MP ដែលអាចថតវីដេអូបានត្រឹម 4K/60fps ប៉ុណ្ណោះ ហើយក៏មិនមានសមត្ថភាពថតវីដេអូប្រភេទ 10-bit D-Log M ដែរ។
មុខងារថ្មីៗផ្សេងទៀត ដែល DJI បំពាក់លើ Osmo Pocket 3 រួមមានបច្ចេកវិទ្យា Focus លឿន full-pixel ជាមួយមុខងារថត Product Showcase ដែលអាចប្រើប្រាស់សម្រាប់ការ Live វីដេអូ និងបង្ហាញផលិតផល។
Osmo Pocket ជំនាន់ថ្មីក៏នៅមានបច្ចេកវិទ្យា ActiveTrack 6.0 ដែលក្នុងនោះមានមុខងារចាប់ផ្ទៃមុខស្វ័យប្រវត្តិ Face Auto-Detect និងមុងារចាប់ប្លង់ Dynamic Framing ជាដើម។ បន្ថែមពីនេះវាក៏មាននូវរន្ធស្រូបសម្លេងដ៏ទំនើប ដែលអះអាងថាអាចបន្ថតសម្លេងខ្យល់ និងចាប់យកសម្លេងជាប្រភេទស្ទេរីអូ។ ចំពោះមុខងារ Glamour Effects 2.0 គឺជាមុខងារដែលជួយលើកសម្រស់នៅពេលថតវីដេអូ។
DJI អះអាងថា Osmo Pocket 3 អាចសាកភ្លើងបានដល់ ៨០% ក្នុងពេលត្រឹម ១៦នាទី ហើយនៅពេលសាកភ្លើងពេញ វាអាចថតវីដេអូ 4K/60fps បានដល់ ១១៦នាទី ឬអាចថតវីដេអូ 1080p/24fps បានដល់ ១៦៦នាទី។
Osmo Pocket 3 មានលក់រាយលើទីផ្សារបរទេសក្នុងតម្លៃ ៥១៩ដុល្លារ ដោយក្នុងនោះមានរួមបញ្ចូលខ្សែ Type-C to Type-C PD Cable, Protective Cover, DJI Wrist Strap និង Osmo Pocket 3 Handle With 1/4″ Thread មួយផងដែរ៕