ស្វាយចន្ទីជាដំណាំកសិឧស្សាហកម្មដ៏មានសក្តានុពលមួយ ដែលនាំចំណូលមិនតិចជាង១ពាន់ លានដុល្លាក្នុងមួយឆ្នាំចាក់ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ។ បើតាមទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា ផ្ទៃដីដាំដុះមានប្រមាណ ៦៥២ ៥៣៨ហិកតា ទិន្នផលជាមធ្យម ១,៨តោន ក្នុងមួយហិកតា។ មានកសិករ ប្រហែល ២៣ ០០០គ្រួសារប្រកបមុខរបរដាំដុះដំណាំនេះ។ កម្ពុជាអាចផលិតស្វាយចន្ទីចន្លោះ ៦០០ ០០០ តោន ទៅ ៨០០ ០០០តោន ក្នុងមួយឆ្នាំ។ តម្លៃជាមធ្យមចន្លោះ ១៣៥០ដុល្លា ទៅ ១៩០០ដុល្លា ក្នុងមួយតោន។ ដោយឃើញស្វាយចន្ទី ជាដំណាំមួយប្រភេទដែលជួយអភិវឌ្ឍសេដ្ឋកិច្ចជនបទក្នុងចំនួន ១០ខេត្តនេះហើយ ទើបក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានចាត់ទុកដំណាំស្វាយចន្ទីជាដំណាំ អត្ថិភាពទី៣ បន្ទាប់ពីស្រូវ និងដំឡូងមី។ ក្រសួងពាណិជ្ជកម្ម បានចាត់ក្រុមការងារសិក្សាពីស្វាយចន្ទី និងបានបង្កើតគោលនយោបាយជាតិស្តីពីស្វាយចន្ទី ២០២២ ដល់ ២០២៧ ដើម្បីលើកកំពស់ដំណាំមួយ នេះនិងពង្រឹងការកែច្នៃក្នុងស្រុក។
ជាអកុសល ៩៥% នៃគ្រាប់ឆៅត្រូវបានលក់ចេញទៅប្រទេសវៀតណាមសម្រាប់កែច្នៃចេញជា ផលិតផលសម្រេចលក់ទៅកាន់ទីផ្សារអន្តរជាតិ។ ដោយសារកម្ពុជាខ្វះហេដ្ឋារចនាសម្ព័ន្ធទុកដាក់ចន្ទី ក្រោយប្រមូលផល។ មិនថាតែស្វាយចន្ទីទេ ស្រូវ ដំឡូងមី ស្វាយកែវរមៀត ក៏ត្រូវបានហូរចេញតាម ប្រទេសជិតខាង ដែលធ្វើឱ្យកសិករបាត់បង់តម្លៃបន្ថែមនិងមិនអាចបង្កើតការងារក្នុងសហគមន៍។ ផលិតកម្មស្វាយចន្ទី៩ខែ ឆ្នាំ២០២៣ (មករា-កញ្ញា ២០២៣) កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅ ៦៣៩ ០០០ តោន (៦សែន ៣ម៉ឺន ៩ពាន់តោន) ក្នុងនោះនាំចេញទៅវៀតណាម បានសរុប៖ ៦១៣ ២០០ តោន (៦សែន ១ម៉ឺន៣ពាន់ ២រយតោន) ស្មើទឹកប្រាក់ ៨២៩ លានដុល្លា ថយចុះ ១៦,៣% បើធៀបរយៈកាលដូចគ្នាទៅនឹង២០២២។ តម្លៃមធ្យមគ្រាប់ស្ងួត $១.៦៥៨ (មួយពាន់ប្រាំមួយរយហាសិបប្រាំបីដុល្លា) ក្នុង១តោន។ ខែកញ្ញាគ្រាប់ស្ងួតតម្លៃ ៧០០០៛-៧៥០០៛ ក្នុង១គីឡូក្រាម ឬ ១៩០០ដុល្លា ក្នុង១តោន។ ចំណែកគ្រាប់ចន្ទីកែច្នៃហើយ យើងអាចផលិតនាំចេញ បានតែ ៧០០ តោន ស្មើទឹកប្រាក់ ៦,៦៥លានដុល្លាតែប៉ុណ្ណោះ។ ចំណែកឯសំបកដែលសល់ពីកែ ច្នៃអាចលក់ចេញឱ្យរោងចក្រកៀបប្រេងតម្លៃចន្លោះ ១០០ដុល្លាទៅ ១២០ដុល្លាក្នុងមួយតោន។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានរកឃើញហេតុផលមួយចំនួនដែល ជាឧបស័គ្គធ្វើឱ្យមានការកែច្នៃ តិចតួចក្នុងស្រុក ហើយក៏បានសិក្សាពីមូលហេតុគ្រាប់ស្វាយចន្ទីកែច្នៃ របស់កម្ពុជា ថ្លៃជាងវៀតណាម ដោយសារតែនៅវៀតណាម÷
១. កម្មករជំនាញ ប្រើកម្មករតិចតែបានពហុប្រយោជន៍
២. ការនាំចូលវត្ថុធាតុដើមផលិតដោយរួចពន្ធ ពន្ធពិសេសសម្រាប់ឧស្សាហកម្មកសិកម្ម
៣. ទំនើបកម្មគ្រឿងយន្តកសិឧស្សាហកម្ម
៤. ថ្លៃទឹក ភ្លើង ភស្តុភាកម្ម ថោកជាងកម្ពុជា
មកទល់ពេលនេះតម្លៃគ្រាប់ស្វាយចន្ទីកែច្នៃរួច ថ្លៃជាងវៀតណាម ដែលធ្វើឲ្យចន្ទីកម្ពុជាពិបាកលក់ លើទីផ្សារអន្តរជាតិ ពោលកម្ពុជាផលិត១គីឡូតម្លៃ ៩,៥ដុល្លា ចំណែកនៅវៀតណាមត្រឹមតែ ៦,៥ដុល្លាប៉ុណ្ណោះ។
ដំណោះស្រាយក្នុងបញ្ហានេះគឺអាជ្ញាធរត្រូវរួមគ្នាសម្រួលរបាំងពាណិជ្ជកម្មនិងរបាំងផលិតកម្មមួយចំនួន រាប់តាំងពីការចាប់បើកសហគ្រាសរហូតដល់ការនាំចេញផលិតផលសម្រេច។
១. សម្រួលការរត់ការច្បាប់ទៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនិវានុវត្តន៍ដើម្បីបើក សហគ្រាស
២. សម្រួលប្លង់អាគារសហគ្រាសនៅក្រសួងដែនដីនគរូបនីយកម្មនិងសំណង់
៣. សម្រួលភាពស្របច្បាប់នៅក្រសួងបរិស្ថាន ដើម្បីបញ្ជាក់ថាមិនប៉ះពាល់បរិស្ថាន
៤. លើកលែងពន្ធដាមួយចំនួន
៥. សម្រួលចុះបញ្ជីឈ្មោះទំនិញពីក្រសួងពាណិជ្ជកម្ម
៦. ផ្តល់ទុនបង្វិលក្នុងអត្រាការប្រាក់អនុគ្រោះពីធនាគារ
៧. ជួយកសិករកាត់បន្ថយថ្លៃដើមផលិត និងបង្កើនទិន្នផល លើបរិមាណផ្ទៃដីដដែល ពីសំណាក់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
ប្រសិនបើអាចសម្រួលលក្ខខណ្ឌទាំង៧នេះ ខ្សែច្រវ៉ាក់ផលិតកម្ម ស្វាយចន្ទីនឹងដើលឿនដូច ការរំពឹងទុកក្នុងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ២០២២ ដល់ ២០២៧ ដោយកសិករទទួល តម្លៃបន្ថែម និងបង្កើតការងារក្នុងសហគមន៍៕