[ទីផ្សារបរទេស] ជាមួយនឹងការផលិតរថយន្ត Tesla Cybertruck ឈានចូលមកដល់ ពោលនៅចុងខែវិច្ឆិកាខាងមុខនេះ លោក Elon Musk ជានាយកប្រតិបត្តិ បានទទួលស្គាល់ថារថយន្ត Cybertruck គឺពិបាកផលិតមែនទែន។
ក្នុងពេលប្រកាសពីរបាយការណ៍ហិរញ្ញវត្ថុ លោក Elon Musk ថែមទាំងបាននិយាយថា ៖ “យើង (ក្រុមហ៊ុន Tesla) បានជីករណ្ដៅកប់ខ្លួនឯង ជាមួយនឹងរថយន្ត Cybertruck នេះ”។
រថយន្ត Tesla Cybertruck ក្រៅពីបានឆ្លងកាត់ការពន្យារពេលផលិតអស់ច្រើនលើក វាក៏ប្រឈមមុខនឹងបញ្ហាបច្ចេកទេសដែលចម្លែកខុសគេសម្រាប់រថយន្តភីកអាប់អគ្គិសនីមួយនេះ។
វាពិតជាមិនងាយស្រួលនោះទេសម្រាប់រថយន្តដែលមានប្រើប្រាស់ដែកអ៊ីណុកផ្ទាំងធំៗ ដូចនេះបញ្ហាបច្ចេកទេសច្បាស់ជាកើតមានឡើង។ មុននឹងការប្រកាសពីការផលិតជាផ្លូវការនេះដែរ រថយន្ត Cybertruck ក៏បានឆ្លងកាត់ការផ្លាស់ប្ដូររូបរាងជាច្រើនដង ដែលខុសពីពេលប្រកាសចេញដំបូង ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួន។
លោក Elon Musk បានលើកឡើងដូចនេះថា ៖ “ខ្ញុំចង់បញ្ជាក់ថាវានឹងមានបញ្ហាច្រើនមុននឹងយើងអាចផលិត Cybertruck ក្នុងបរិមាណច្រើន និងធ្វើឲ្យរថយន្តនេះអាចស្វែងរកប្រាក់ចំណេញបាន។ នេះគឺជារឿងធម្មតាទេ”។ លោកបានបញ្ជាក់ថាបច្ចេកវិទ្យានៃរថយន្តនេះគឺជាចំណុចដែលពិបាកជាងគេ។
នាយកប្រតិបត្តិរូបនេះបានលើកឡើងថា ការផលិតដែលមានទំហំប្រមាណ ២៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ អាចមិនកើតឡើងមុនឆ្នាំ២០២៥ឡើយ។ បើបែបនេះមែន វាគឺមានរយៈពេល៦ឆ្នាំក្រោយពីរថយន្ត Cybertruck បានប្រកាសចេញ៕