[ទីផ្សារបរទេស] សហរដ្ឋអាមេរិកគឺជាជម្រុកនៃក្រុមហ៊ុនរថយន្តល្បីៗជាច្រើន ហើយខាងក្រោមនេះគឺជារថយន្តលក់ដាច់ជាងគេទាំង១០ ដែលផលិតដោយក្រុមហ៊ុនសហរដ្ឋអាមេរិកផ្ទាល់ ៖
១. Ford F Series លក់បានខ្ទង់ ៤០លានគ្រឿង
Ford F-Series ជារថយន្តផលិតដោយក្រុមហ៊ុនអាមេរិកដែលលក់ដាច់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ។ រថយន្តនេះបានចាប់ផ្ដើមផលិតតាំងពីឆ្នាំ១៩៤៨ ហើយនៅតែបន្តផលិតដល់ពេលបច្ចុប្បន្ន ដោយរថយន្តទី៤០លានគ្រឿង បានរំកិលខ្លួនចេញពីរោងចក្រកាលពីខែមករា ឆ្នាំ២០២២។
២. Chevrolet Impala លក់បាន ១៦,៧លានគ្រឿង
រថយន្ត Impala ជារថយន្តល្បីរបស់ Chevrolet ក្នុងពេលដែលវានៅមានជីវិត។ រថយន្តនេះបានផលិតចាប់ពីឆ្នាំ១៩៥៧ ដល់ឆ្នាំ២០២០ ប៉ុន្តែការផលិតត្រូវបានផ្អាកចាប់ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៩៤ និងផ្អាកម្ដងទៀតគឺចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ១៩៩៩។
៣. Ford Model T លក់បាន ១៥លានគ្រឿង
លោក Henry Ford និងកូនប្រុសរបស់លោកបានបើករថយន្ត Model T ចេញពីរោងចក្រនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩២៧ ជាការបញ្ជាក់ពីថ្ងៃចុងក្រោយនៃការផលិតរថយន្ត Model T។
៤. Chevrolet Silverado លក់បាន ១៤លានគ្រឿង
ដើមឡើយរថយន្ត Chevrolet Silverado គឺជា Option ខ្ពស់ផុតលេខនៃរថយន្ត Chevrolet C/K ដែលបានបង្ហាញវត្តមានក្នុងឆ្នាំ១៩៧៥ ហើយវាបានក្លាយជាម៉ូដែលផ្ទាល់ខ្លួននៅឆ្នាំ១៩៩៩ និងបានបន្តផលិតរហូតដល់បច្ចុប្បន្ន។
៥. RAM Pickup លក់បាន ១២,១លានគ្រឿង
រថយន្តភីកអាប់ខ្នាតធំនេះ បានបង្ហាញខ្លួនតាំងពីឆ្នាំ១៩៨០ ដោយពេលនោះវាម៉ូដែលមួយស្ថិតក្រោមម៉ាក Dodge ដែលក្រោយមកវាក៏បានវិវត្តន៍ក្លាយជាម៉ាកផ្ទាល់ខ្លួនឈ្មោះថា RAM តែម្ដង។
៦. Oldsmobile Cutlass លក់បាន ១១,៩លានគ្រឿង
ប្រកាសចេញដំបូងក្នុងឆ្នាំ១៩៦១ រថយន្ត Oldsmobile Cutlass គឺជារថយន្តដ៏ពេញនិយមជាងគេនៅសហរដ្ឋអាមេរិក ដោយត្រឹមឆ្នាំ១៩៧៧ វាអាចលក់ចេញបានដល់ ៦៣២ ៧៤២គ្រឿង ប៉ុណ្ណោះ។
៧. Chevrolet Malibu លក់ចេញបាន ១១,៣លានគ្រឿង
វាជារថយន្តដែលធ្វើឲ្យគេនឹកដល់ទីក្រុងដ៏ស្រស់បំព្រងនៃរដ្ឋកាលីហ្វ័រញ៉ា ដោយរថយន្ត Malibu នេះបានប្រកាសចេញដំបូងក្នុងឆ្នាំ១៩៦៤ និងបន្តផលិតមកទល់បច្ចុប្បន្ន ត្បិតថាវាបានផ្អាកការផលិតចាប់ពីឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៩៧។
៨. Ford Mustang លក់ចេញបាន ១០,២លានគ្រឿង
ពេលចេញលក់ឆ្នាំដំបូងគឺនៅឆ្នាំ១៩៦៤ រថយន្ត Mustang អាចលក់ចេញបានរហូតដល់ ៤០ម៉ឺនគ្រឿង ដោយថ្ងៃដំបូងតែឯងគឺអាចលក់ចេញបានដល់ ២,២ម៉ឺនគ្រឿងឯណោះ។
៩. Oldsmobile 88 លក់ចេញបាន ៩,៦លានគ្រឿង
ផលិតចាប់ពីឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៩៩ រថយន្តទំហំធំនេះ ធ្លាប់ជារថយន្តដែលរកប្រាក់ចំណេញបានច្រើនជាងគេសម្រាប់ក្រុមហ៊ុន Oldsmobile ហើយវាក៏ត្រូវមនុស្សមួយចំនួនចាត់ទុកថាជារថយន្តកម្លាំងខ្លាំងដំបូងគេផងដែរ។
១០. Ford Explorer លក់ចេញបាន ៨,៩លានគ្រឿង
រថយន្ត SUV ទ្វារបួននេះ គឺជាអ្នកចូលជំនួសរថយន្ត Bronco II ដោយវាបានបង្ហាញមុខដំបូងក្នុងឆ្នាំ១៩៩១ ហើយបច្ចុប្បន្ននេះវានៅបន្តផលិតស្ថិតនៅក្នុងជំនាន់ទី៦៕