[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានរាយការណ៍ពីការកើនឡើងការលក់ ៩% កាលពីខែសីហាសម្រាប់ទីផ្សារសកល ដោយសារតែការងើបឡើងវិញនូវវិបត្តិខ្វះខាតគ្រឿងបន្លាស់ និងការកើនឡើងនូវការផលិត។
តួលេខចេញផ្សាយដោយ Toyota បង្ហាញថាម៉ាក Toyota Hino និង Daihatsu បូកបញ្ចូលគ្នា អាចលក់រថយន្តបានសរុប ៩២៣ ១៨០គ្រឿង កាលពីខែសីហា។ វាជាការកើនឡើង ៩,៤% ធៀបនឹងខែសីហា ឆ្នាំ២០២២ ដែលក្នុងនោះមានរថយន្ត ៧៥៧ ៦០២គ្រឿង គឺលក់បានលើទឹកដីក្រៅប្រទេសជប៉ុន។
គ្រាន់តែម៉ាក Toyota តែឯង ចំនួនលក់មានសរុប ៨៥៣ ២៨៥គ្រឿង ជាការកើនឡើង ៩,៨%។ រាប់បញ្ចូលទាំងខែសីហានេះ ចំនួនលក់របស់ Toyota បានកើនឡើង ៧ខែជាប់គ្នានៅទូទាំងពិភពលោក និងរយៈពេល៨ខែជាប់គ្នាសម្រាប់ទីផ្សារប្រទេសជប៉ុន។
ការផលិតក៏មានការកើនឡើងផងដែរ ដោយម៉ាកទាំងបី អាចផលិតរថយន្តបាន ៩២៤ ៥០៩គ្រឿង នៅពេញមួយខែសីហា ដោយម៉ាក Toyota តែឯងផលិតបាន ៧៩៨ ៧១១គ្រឿង ជាការកើនឡើង ៤,១% ធៀបនឹងខែសីហា ឆ្នាំ២០២២។ គួរចាប់អារម្មណ៍ថាការផលិតនៅជប៉ុនរបស់ Toyota កើនឡើង ២១,៨% កាលពីខែសីហា ខណៈដែលការផលិតនៅទីផ្សារសកលមានការថយចុះ។
រយៈពេល៨ខែនៃឆ្នាំ២០២៣នេះ ម៉ាក Toyota អាចលក់រថយន្តបាន ៦ ៦៥០ ៤២៥គ្រឿង ខណៈម៉ាក Daihatsu លក់រថយន្តបាន ៥២១ ២៨៧គ្រឿង និងម៉ាក Hino លក់រថយន្តបាន ៨៩ ៦៥៤គ្រឿង។
ក្នុងនោះដែរ រថយន្តអគ្គិសនីដែល Toyota លក់បាននៅមានស្ដួចស្ដើងនៅឡើយ ដោយកាលពីខែសីហាលក់បាន ១១ ៨៨០គ្រឿង និងពេញមួយឆ្នាំ២០២៣នេះ លក់បានចំនួន ៦៥ ៤៦៧គ្រឿង ដូចនេះគោលដៅដែលចង់លក់រថយន្តអគ្គិសនីឲ្យបាន ១,៥លានគ្រឿង ត្រឹមឆ្នាំ២០២៦ នៅមានចម្ងាយវែងឆ្ងាយតទៀត៕
ប្រភព ៖ carscoops