ថ្មីៗនេះ Apple បាននិយាយថាកំណែអាប់ឌែតថ្មី iOS 17.1 ដែលនឹងបញ្ចេញនាពេលខាងមុខ នាខែតុលា នឹងបន្ថយកម្រិតវិទ្យុសកម្ម iPhone 12។
គួរដឹងថាកន្លងមក កាលពីខែកញ្ញា iPhone 12 និយ័តករបារាំងបានបញ្ជាមិនឱ្យលក់បន្តជាបណ្ដោះអាសន្ន លើទឹកដីប្រទេសបារាំង បន្ទាប់ពីការធ្វើតេសបរាជ័យរបស់ ANFR ដែលជាទីភ្នាក់ងារប្រេកង់ជាតិ គ្រប់គ្រងប្រេកង់វិទ្យុទាំងអស់នៅក្នុង ប្រទេសបារាំង បានរកឃើញថា iPhone 12 បានតេសបរាជ័យ ក្នុងការស្វែងរកសាធាតុវិទ្យុសកម្ម ឬអេឡិចត្រូម៉ាញ៉េទិញ អាចប៉ះពាល់ដល់អ្នកប្រើ។
ងាកមកបច្ចុប្បន្នវិញ នៅក្នុងឯកសារ support document Apple បាននិយាយថា នឹងបិទមុខងារ off-body detection ដែលមុខងារនេះ អនុញ្ញាតឱ្យមានថាមពលបញ្ជូនខ្ពស់ជាងមុនបន្តិច ត្បិតមុខងារនេះអាចដឹងថា iPhone កំពុងមានចលនា ឬកំពុងនៅកន្លែងណាមួយ មិនថាកាន់ប្រើ ដាក់ក្នុងហោប៉ៅ ឬដាក់លើតុជាដើម។
ដោយមុខងារនេះ នឹងត្រូវបិទតែនៅបារាំងប៉ុណ្ណោះ។ ដោយ Apple ថានេះជាហេតុផលធ្វើឱ្យការតេសរបស់ភ្នាក់ងារបារាំងមានកំហុស និងរកឃើញវិទ្យុសកម្មផងដែរ។
យោងតាមក្រុមហ៊ុន Apple ទូរសព្ទ iPhone 12 មានសុវត្ថិភាពក្នុងការប្រើប្រាស់ ហើយតែងតែសុវត្ថិភាព។
ដោយក្រុមហ៊ុនត្រូវតែបំពេញតាមស្តង់ដារ បញ្ជូនថាមពលអន្តរជាតិសម្រាប់សុខភាព និងសុវត្ថិភាព ដើម្បីធានាបាននូវការបញ្ជូនថាមពលមានកម្រិត នៅពេលដែលឧបករណ៍មានទំនាក់ទំនងជាមួយរាងកាយរបស់មនុស្ស៕