បន្ទាប់ពី Google បញ្ចេញស្មាតហ្វូនម៉ូឌែល Pixel 8 ផ្ដល់កំណែអាប់ឌែតលើផ្នែកសុវត្ថិភាពដល់ ៧ឆ្នាំ ដែលការអាប់ឌែតនេះជាការផ្ដល់ជូនយូរជាងគេក្នុងពិភពស្មាតហ្វូន Android។
ហើយពេលនេះ ដំណឹងនេះចាក់ចង្កេះ Samsung ឱ្យរង្គើបន្ដិច ដោយ Samsung បង្ហើបថា ក្រុមហ៊ុនកំពុងពិចារណាផ្ដល់ជូនអ្នកប្រើស្មាតហ្វូន Galaxy នូវកំណែអាប់ឌែតលើផ្នែកសុវត្ថិភាពក្នុងរយៈពេលវែង ពោលគឺលើសពី ៥ឆ្នាំ។
នេះបើយោងទៅតាមលោក Shin-Chul Baik ជាវិស្វករ និងអ្នកគ្រប់គ្រងកម្មវិធីបច្ចេកទេស នៃក្រុមសុវត្ថិភាព ឬ Security Team សម្រាប់ទូរស័ព្ទ Samsung។ លោកបានបន្ថែមថា ចក្ខុវិស័យថ្មីនេះ ដើម្បីឱ្យកាន់តែមានឆ្លើយតបទៅតាកាន់ បទប្បញ្ញត្តិថ្មីដែលនឹងមកដល់។
តាមរបាយការណ៍បានបង្ហាញថា បទប្បញ្ញត្តិថ្មីដែលថ្នាក់ដឹកនាំរូបនេះនិយាយ គឺសន្មតថាសំដៅទៅលើបទប្បញ្ញត្តិសហភាពអឺរ៉ុប ដែលបានស្នើឡើង ដោយអំពាវនាវឱ្យក្រុមហ៊ុននានាផ្តល់ការអាប់ដេតប្រព័ន្ធរបស់ខ្លួន យ៉ាងហោចណាស់ប្រាំឆ្នាំ សម្រាប់ស្មាតហ្វូនរបស់ពួកគេ ចាប់ពីឆ្នាំ២០២៥ ទៅ។
គួរដឹងថា ចាប់ពីឆ្នាំ២០២១មក Samsung ផ្ដល់ឱ្យការអាប់ឌែត OS Android ៤ឆ្នាំ និងទៅលើផ្នែកសុវត្ថិភាព ៥ឆ្នាំ៕