[ទីផ្សារបរទេស] ក្រុមហ៊ុន Nissan បានប្រកាសថា រាល់រថយន្តម៉ូដែលថ្មីដែលនឹងបង្ហាញវត្តមាននៅអឺរ៉ុប នឹងជារថយន្តអគ្គិសនីសុទ្ធ១០០%។ ជាលទ្ធផលរថយន្តប្រើម៉ាស៊ីន នឹងត្រូវអស់ជីវិតជាផ្លូវការ ហើយក្រុមហ៊ុនរំពឹងថាត្រឹមឆ្នាំ២០៣០ រថយន្តដែលលក់នៅអឺរ៉ុបនឹងជារថយន្តអគ្គិសនីទាំងអស់។
លោក Makoto Uchida នាយកប្រតិបត្តិក្រុមហ៊ុន Nissan បានលើកឡើងថា រថយន្តអគ្គិសនីគឺជាដំណោះស្រាយនៃមធ្យោបាយធ្វើដំណើរដ៏ល្អបំផុត ហើយលោកបញ្ជាក់ថាមានអតិថិជនជាង ១លាននាក់ហើយ បានចូលរួមក្នុងដំណើរ និងទទួលយកបទពិសោធន៍សប្បាយក្នុងការប្រើប្រាស់រថយន្ត Nissan អគ្គិសនី។
Nissan មិនបាននិយាយអ្វីច្រើនអំពីរថយន្តអនាគតរបស់ខ្លួននោះទេ ប៉ុន្តែបានបញ្ជាក់ថាពួកគេនឹងប្រកាសចេញរថយន្តអគ្គិសនីថ្មីឲ្យបាន ១៩ម៉ូដែល នៅទូទាំងពិភពលោកនាត្រឹមឆ្នាំ២០៣០។
នេះគឺជាផ្នែកមួយនៃផែនការជម្រុញដល់រថយន្តអគ្គិសនីរបស់ Nissan ព្រោះថា Nissan ក៏ចង់ក្លាយខ្លួនជាក្រុមហ៊ុនដែលមិនប្រើប្រាស់សារធាតុគីមី Cobalt លើរថយន្តរបស់ខ្លួន។ ការផ្ដាច់ខ្លួនចេញពី Cobalt នេះ រំពឹងថានឹងកាត់បន្ថយចំណាយលើការផលិតអាគុយរថយន្តបាន ៦៥% នៅត្រឹមឆ្នាំ២០២៨។
ក្នុងអំឡុងពេលនោះដែរ Nissan ក៏មានគម្រោងប្រកាសចេញរថយន្តអគ្គិសនីដែលប្រើប្រាស់អាគុយស្ងួតផងដែរ ដោយ Nissan ឃើញថាអាគុយប្រភេទនេះនឹងជួយកាត់បន្ថយរយៈពេលនៃការសាកភ្លើងបាន ១ភាគ៣ រួមទាំងកាត់បន្ថយចំណាយថែមទៀតផង៕
ប្រភព ៖ carscoops