[ទីផ្សារបរទេស] ជារថយន្ត SUV ខ្នាតធំដ៏ប្រណីតមួយ រថយន្ត Mazda CX-90 បានបង្ហាញវត្តមានជាលើកដំបូងលើទីផ្សារអាស៊ីអាគ្នេយ៍ ដោយវាត្រូវបានប្រកាសលក់ជាផ្លូវការក្នុងប្រទេសហ្វីលីពីន។
ការចេញលក់រថយន្តម៉ូដែលថ្មីនេះ ជាដំណឹងដ៏ភ្ញាក់ផ្អើលមួយ ព្រោះថារថយន្ត CX-70 និងរថយន្ត CX-90 គឺផលិតឡើងសម្រាប់ទីផ្សារអាមេរិកខាងជើងប៉ុណ្ណោះ ខណៈដែលរថយន្ត CX-60 និងរថយន្ត CX-80 គឺផលិតសម្រាប់ទីផ្សារអាស៊ី និងទីផ្សារអឺរ៉ុប។
CX-90 ជារថយន្តដែលមានប្រវែង ៥១២០ម.ម មានទទឹងទំហំ ១៩៩៤ម.ម និងមានកម្ពស់ ១៧៤៥ម.ម ជាមួយប្រវែងពីកង់មុខទៅកង់ក្រោយគឺ ៣១២០ម.ម និងមានកម្ពស់ផុតពីដី ២០៣ម.ម។ ជាមួយទំហំនេះ អាចឲ្យវាក្លាយជាគូប្រជែងរបស់ Ford Explorer និង Hyundai Palisade។
នៅទីផ្សារហ្វីលីពីន រថយន្ត Mazda CX-90 ដែលលក់ជាស៊េរីឆ្នាំ២០២៤ មានបំពាក់នូវប្រព័ន្ធម៉ាស៊ីន e-Skyactiv-G ជាប្រព័ន្ធ Hybrid ពាក់កណ្ដាលដែលមានម៉ាស៊ីន ៣,៣លីត្រ ៦ស៊ីឡាំង ផលិតកម្លាំងបាន ២៨៤សេះ និងមកជាមួយប្រអប់លេខស្វ័យប្រវត្តិ៨វគ្គ ដែលមានប្រព័ន្ធបើកបរវិលកង់ទាំងបួន។
Mazda បានចែកចាយរថយន្ត CX-90 ជាពីរប្រភេទនៅប្រទេសហ្វីលីពីន ដោយមានប្រភេទ 3.3L HEV Turbo និងប្រភេទ 3.3L HEV Turbo Exclusive ដែលមានតម្លៃចន្លោះពី ៦៤ ៧៤០ដុល្លារ ទៅ ៦៦ ៥០០ដុល្លារ៕
ប្រភព ៖ Xehay