[ទីផ្សារបរទេស] ក្រុមហ៊ុន Tesla កំពុងតែនាំមុខការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិក ដោយនាំមុខទាំងចំនួនរថយន្តចុះបញ្ជីថ្មី និងទំហំទីផ្សារដែលក្ដោបក្ដាប់បាន។
ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ Tesla បានសង្កេតឃើញនូវការចុះបញ្ជីរថយន្តថ្មីចំនួន ៣៩០ ៣៧៧គ្រឿង នៅសហរដ្ឋអាមេរិក ជាការកើនឡើង ៥០% ធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ហើយបច្ចុប្បន្ននេះមានក្ដោបក្ដាប់ទីផ្សាររថយន្តអគ្គិសនីអាមេរិកចំនួន ៥៩,៥%។
ចំណាត់ថ្នាក់លេខពីរនោះគឺ ក្រុមហ៊ុន Chevrolet ដោយមានរថយន្ត ៣៩ ៦៤៧គ្រឿង បានចុះបញ្ជី និងមានចំណែកទីផ្សារ ៦% ខណៈដែល Ford ឈរនៅលេខបី ជាមួយចំនួនចុះបញ្ជី ៣៣ ៩៥៥គ្រឿង និងមានចំណែកទីផ្សារ ៥,២%។
សរុបជារួម ឧស្សាហកម្មរថយន្តអគ្គិសនីនៅអាមេរិក ឃើញមានការចុះបញ្ជីកើនដល់ ៦៥៥ ៩៨៦គ្រឿង ក្នុងពេល៧ខែដំបូង ជាការកើនឡើង ៦៧% ដែលចំនួននេះស្មើនឹង ៧,២% នៃទីផ្សាររថយន្តសរុបនៅអាមេរិកដែលកត់ត្រាការចុះបញ្ជីប្រមាណ ៩,១លានគ្រឿង។
ក្រឡេកមើលទៅ Tesla គ្រាន់តែខែកក្កដាមួយ ទទួលបានការចុះបញ្ជីរថយន្តថ្មីចំនួន ៦០ ៧៦៩គ្រឿង ខណៈដែលក្រុមហ៊ុនរថយន្តដទៃទៀតបូកបញ្ចូលគ្នា មានចំនួនចុះបញ្ជី ៤៨ ៥៦៦គ្រឿង ដែលនេះបង្ហាញអំពីឥទ្ធិពលដ៏ខ្លាំងក្លារបស់ Tesla។
រថយន្ត Tesla ដែលមានការចុះបញ្ជីច្រើនជាងគេក្នុងពេល៧ខែដំបូង គឺជារថយន្ត Model Y ដែលមានចំនួន ២៣៦ ០៤១គ្រឿង ដែលចំនួននេះមានការកើនឡើងគុយនឹងពីរធៀបឆ្នាំមុន ខណៈដែលរថយន្ត Model 3 មានការកើនឡើង ២១% ឡើងដល់ ១៣១ ៣៨១គ្រឿង។ ក្នុងពេលដូចគ្នា Model S ថយចុះ ៥១% ដោយមានរថយន្ត ៨ ៤៣៩គ្រឿង បានចុះបញ្ជី និងរថយន្ត Model X ថយចុះ ១៤% ជាមួយរថយន្ត ១៤ ៤៦២គ្រឿង។
សម្រាប់ Chevrolet វិញ រថយន្ត Bolt EV និង Bolt EUV ដែលនឹងចូលនិវត្តន៍ឆាប់ៗនេះ រ៉ាប់រងនូវចំនួនចុះបញ្ជីទាំងអស់ ហើយក្នុងនោះមានចំណែករថយន្ត Silverado EV ចំនួន ២៥គ្រឿងប៉ុណ្ណោះ ដោយសារខែកក្កដា ជាខែដំបូងដែលរថយន្តភីកអាប់អគ្គិសនីនេះ មានឈ្មោះក្នុងទិន្នន័យរថយន្តចុះបញ្ជីថ្មី។
ចំណែកក្រុមហ៊ុន Ford ដែលចំណែកទីផ្សារថយចុះ ៦,៩% មកនៅ ៥,២% គឺមានរថយន្ត F-150 Lightning ចំនួន ១១ ៨៨៣គ្រឿង បានចុះបញ្ជី នាំមុខរថយន្ត Rivian R1T ដែលមានរថយន្តចុះបញ្ជីចំនួន ៧ ៦១១គ្រឿង៕