កាត Visa និង Master ជាមធ្យោបាយទូទាត់លើអនឡាញដ៏ពេញនិយម ម៉្លោះហើយ វាក៏ជាចំណុចដែល Hacker ចាប់អារម្មណ៍មកលើអ្នកប្រើដូចគ្នា។ ដូចធ្លាប់មានបញ្ហាខ្លះ នៅសុខៗស្រាប់តែកាត់លុយដោយមិនដឹងខ្លួន បញ្ហានេះសុទ្ធតែធ្លាប់កើតមាននៅបរទេស ឬក្នុងស្រុក។
ដូចនេះយើងសូមចែករំលែក ៥ចំណុចខ្លីៗ ដែលអាចការពារលុយក្នុង កាត Visa ឬ Master ផងដែរ៖
១. ក្នុងអេបធនាគារ គួរប្រើប្រាស់គណនីលើសពីមួយ
ឧទាហរណ៍ថា គណនីមួយសម្រាប់ចាយវាយទូទៅ គណនីមួយសម្រាប់ចាយលើកាត Visa ឬ កាត Master មិនចាំបាច់ដាក់លុយនោះទេ ឬដាក់ខ្លះៗ ដល់ពេលចាយសឹមដាក់លុយ។
២. គួរបង្កកកាតទុកសិន ពេលមិនត្រូវប្រើ
ដល់ពេលត្រូវប្រើសឹមបើកកាត។ ការបង្កកនេះ វានឹងមិនអាចប្រតិបត្តិការផ្សេងៗបានឡើយ ហើយបើសិនជាថ្លោះធ្លោយ Hacker លួចលេខកាតបានក៏ចាយមិនបានដែរ។
៣. កុំភ្ជាប់កាតទៅកាន់គេហទំព័រមិនស្គាល់ច្បាស់
ត្បិតគេហទំព័រមិនផ្លូវការខ្លះ បង្កើតឡើងមកដើម្បីជាអន្ទាក់លួចព័ត៌មានអ្នកប្រើប៉ុណ្ណោះ។ ហើយមានករណីផ្សេងទៀត គេហទំព័រទាំងនោះអាចកាត់សេវាបង់ជាប្រចាំ ឬ Subscribe ថែមទៀតផង។
៤. មើលកម្មវិធីឱ្យបានច្បាស់លាស់មុនចុចប្រើប្រាស់ ឬមុនចុចអនុញ្ញាតឱ្យកម្មវិធីទាំងនោះអាចកាត់លុយបាន ត្បិតកម្មវិធីខ្លះដាក់ឱ្យប្រើឥតគិតថ្លៃក្នុងមួយសប្ដាហ៍ឬមួយខែដំបូង បន្ទាប់មកវានឹងចាប់ផ្ដើមកាត់នៅពេលបន្ទាប់។
៥. ឧស្សាហ៍ឆែកមើលក្នុង Payment & Subscriptions លើទូរសព្ទ បើមានការជាវកញ្ចប់សេវាកម្មអ្វីប្រចាំខែវានឹងលោតបង្ហាញនៅកន្លែងនេះ ហើយអ្នកអាចចូលទៅបិទការជាវទាំងនោះបាន។
របៀបឆែក៖
– សម្រាប់ iOS៖ ចូលទៅកាន់ Setting > Subscriptions > នឹងឃើញរាល់ការជាវសេវាកម្មផ្សេងៗ
– សម្រាប់ Android៖ ចូលទៅកាន់ Play Store > Payment & Subscriptions > Subscriptions > នឹងឃើញរាល់ការជាវសេវាកម្មផ្សេងៗ៕