iPhone 15 Pro អាចនឹងប្រកាសចេញក្នុងតម្លៃ ១០៩៩ដុល្លារ និង iPhone 15 Pro Max តម្លៃ ១១៩៩ដុល្លារ ដែលនេះជាតម្លៃខ្ពស់ជាងម៉ូឌែលឆ្នាំមុន ១០០ដុល្លារ និងជាតម្លៃដែលមិនធ្លាប់ឡើងឡើយចាប់ពី iPhone 11 Pro កាលពីប្រកាសចេញក្នុង ឆ្នាំ២០១៩។ នេះបើយោងទៅតាម ប្រភពគួរឱ្យទុកចិត្ត និងដំណឹងលេចធ្លាយជាច្រើនកន្លងមក។
រីឯម៉ូឌែលធម្មតាវិញ គឺ iPhone 15 និង iPhone 15 Plus គេរំពឹងថានឹងមិនឡើងថ្លៃនោះឡើយ គឺតម្លៃដូចឆ្នាំមុន ចាប់ពី ៧៩៩ដុល្លារ និង ៨៩៩ដុល្លារ ឡើងទៅ។
iPhone 15 Pro ឡើងថ្លៃពិតមែន ប៉ុន្ដែក៏មានហេតុផលផងដែរ គឺ Apple គ្រោងនឹងបំពាក់ ស៊ុមការពារថ្មីជាសារធាតុទីតាញ៉ូម ជំនួសឱ្យដែកអ៊ីណុកដែលធ្លាប់ប្រើកន្លងមក ដែលនឹងធ្វើឱ្យវាមានទម្ងន់ស្រាល និងរឹងមាំជាងមុន សោតឯមានគែមអេក្រង់ក៏នឹងឌីហ្សាញខ្លីជាមុន។ លើសពីនេះ វាអាចប្រើបំពាក់លែនកាមេរ៉ាថ្មី ជាប្រភេទPeriscope អាចថតពង្រីកបានឆ្ងាយជាងមុន។ អ្វីដែលជាការអាប់ឌែតធំបំផុតទៀតនោះ គឺការងាកមកប្រើរន្ធ USB-C ដែល Apple ធ្លាប់ប្រើអស់រយៈពេល ១១ឆ្នាំ មកហើយ តាំងពី iPhone 5។
ចំណែកម៉ូឌែលធម្មតា iPhone 15 និង 15 Plus ក៏ត្រៀមនឹងទទួលបានបទពិសោធន៍ថ្មី គឺនឹងប្រើថ្ងាសឆក Dynamic Island ដូចមានបំពាក់លើ iPhone 14 ម៉ូឌែល Pro កន្លងមក។
បន្ថែមពីនេះ វានឹងប្រើរន្ធសាកនិងផ្ទេរទិន្នន័យ ជាប្រភេទ USB-C ផងដែរ។ ប៉ុន្ដែអ្វីដែលមិនប្ដូរ គឺ Apple នឹងប្រើយុទ្ធសាស្ត្រដូចឆ្នាំមុនប្រើបន្ទះឈីបចាស់លើម៉ូឌែលធម្មតា និងដាក់ឈីបថ្មីលើម៉ូឌែល Pro។ ដូចនេះ iPhone 15 / 15 Plus នឹងប្រើត្រឹមបន្ទះឈីប A16 រីឯ iPhone 15 Pro / 15 Pro Max នឹងប្រើបន្ទះឈីប A17។
យ៉ាងណាទាំងនេះជាដំណឹង យោងទៅតាមប្រភពជាច្រើន និងដំណឹងលេចធ្លាយកន្លងមក ដើម្បីកាន់តែច្បាស់ថា iPhone 15 ទាំង ៤ម៉ូឌែល ជាក់ច្បាស់យ៉ាងណានោះ សូមរង់ចាំដានតាមព្រឹត្តិការណ៍ធំ Apple Event ដែលនឹងប្រារពនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ៕