[ទីផ្សារបរទេស] រថយន្ត Ford Ranger ជំនាន់ថ្មី ទើបតែបានប្រកាសដាក់លក់នៅក្នុងប្រទេសចិន ជាមួយតម្លៃក្រោម ១៦០ ០០០យ័ន ឬស្មើប្រមាណ ២១ ៩៥០ដុល្លារ។
ម៉ូដែលដែលដាក់លក់នៅប្រទេសចិន នឹងមិននាំចូលមកពីបរទេសនោះទេ ដោយផ្ទុយទៅវិញ វាគឺនឹងត្រូវផលិតក្នុងប្រទេសចិនផ្ទាល់ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Jiangling Motors Group Go។
ក្នុងនោះដែរ Ranger ជំនាន់ថ្មី នឹងមានជាប្រភេទ Ranger 1st Edition ដែលកំណត់ចំនួនផលិតត្រឹម ៨០០គ្រឿង ជាមួយតម្លៃចាប់ពី ៣៧ ១៧៤ដុល្លារ។ ក្រុមហ៊ុន មិនទាន់បានបញ្ជាក់ពីភាពពិសេសនៃរថយន្តប្រភេទ 1st Edition នេះនៅឡើយទេ ប៉ុន្តែថាការកុម្ម៉ង់ទិញ ចាប់ផ្ដើមបើកទទួលហើយ។
រថយន្ត Ranger ផលិតនៅប្រទេសចិន នឹងមានជម្រើសម៉ាស៊ីនពីរប្រភេទសម្រាប់អតិថិជន ដោយក្នុងនោះមានប្រភេទម៉ាស៊ីនសាំង EcoBoost ២,៣លីត្រ និងមួយទៀតគឺម៉ាស៊ីនម៉ាស៊ូត Turbocharged ចំណុះ ២,៣លីត្រ។
គួរដឹងថាក្រៅពី Ford Ranger ថ្មីៗកន្លងទៅនេះ Ford ក៏បានបង្ហាញចេញរថយន្ត Explorer ក្នុងប្រទេសចិនផងដែរ ដែលការបង្ហាញចេញធ្វើឡើងក្នុងកម្មវិធី Chengdu Auto Show ដោយមានជា Explored Red Gold Edition ដែលមានតម្លៃ ៥៥ ០៨៦ដុល្លារ។ បន្ថែមពីនេះក៏មានការបង្ហាញចេញរថយន្ត F-150 Raptor ប្រភេទថ្មី ឈ្មោះថា Firestorm Special Edition៕