[បច្ចេកវិទ្យា] អ្នកផ្តល់សេវាផ្ទុកទិន្នន័យលើពពក(Cloud storage) Dropbox បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ថា ក្រុមហ៊ុនខ្លួននឹងកាត់បន្ថយកម្លាំងពលកម្មសកលរបស់ខ្លួនចំនួន ១៦ភាគរយ ដើម្បីកាត់បន្ថយការចំណាយបន្ទាប់ពីកំណើន Cloud ធ្លាក់ចុះ ហើយជំនួសមកវិញជាមួយការជួលអ្នកដែលមានទេពកោសល្យថ្មីដើម្បីបង្កើតនូវបច្ចេកវិទ្យា AI សម្រាប់ខ្លួន។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Dropbox លោក Drew Houston បាននិយាយថា កំណើនអាជីវកម្មលើពពកដែលជាស្នូលរបស់ក្រុមហ៊ុនកំពុងធ្លាក់ចុះ ខណៈដែលបញ្ហាប្រឈមពីការធ្លាក់ចុះនៃសេដ្ឋកិច្ចបានដាក់សម្ពាធលើអតិថិជន ដែលធ្វើឱ្យការវិនិយោគដែលរកបានប្រាក់ចំណេញមួយចំនួនរបស់ខ្លួនលែងមាននិរន្តរភាព។ នៅចុងឆ្នាំ ២០២២ ក្រុមហ៊ុនមានបុគ្គលិកពេញម៉ោងចំនួន ៣ ១១៨នាក់ ដែលក្នុងនោះ ២ ៥៨៣នាក់នៅសហរដ្ឋអាមេរិក។
ក្រុមហ៊ុនបាននិយាយថា ខ្លួនបានផ្លាស់ប្តូរបុគ្គលិកមួយចំនួនពីក្រុមមួយទៅក្រុមមួយទៀតដើម្បីផ្តោតលើគម្រោង AI របស់ខ្លួន ប៉ុន្តែក៏ត្រូវការអ្នកដែលមានទេពកោសល្យបន្ថែមទៀតជាមួយនឹងជំនាញផ្សេងៗគ្នា ជាពិសេសនៅក្នុង AI និងការអភិវឌ្ឍន៍ផលិតផលនៅដំណាក់កាលភ្លាមៗ។
លោក Houston បាននិយាយនៅក្នុងអនុស្សរណៈមួយទៅកាន់បុគ្គលិកថា “យើងបាននាំយកនូវទេពកោសល្យដ៏អស្ចារ្យនៅក្នុងវិស័យទាំងនេះក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ហើយយើងនឹងត្រូវការច្រើនជាងនេះ” ។ “យុគសម័យ AI នៃកុំព្យូទ័រទីបំផុតបានមកដល់… ឱកាសនៅចំពោះមុខយើងគឺធំជាងពេលណាៗទាំងអស់ ប៉ុន្តែយើងត្រូវតែធ្វើសកម្មភាពជាបន្ទាន់ដើម្បីចាប់យកវា” ។
ក្នុងនោះ លោក Houston ដែលជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ Meta Platform ម្នាក់ផងដែរនោះក៏បានលើកឡើងបន្ថែមថា AI បានជួយបង្កើននូវចរាចរណ៍សម្រាប់ Facebook និង Instagram ព្រមទាំងជួយអោយការលក់ការផ្សាយពាណិជ្ជកម្មកើនឡើងច្រើនផងដែរ៕