ក្រុមហ៊ុន Toyota Motor Corp បានរាយការណ៍កាលពីថ្ងៃចន្ទថា មានការកើនឡើង ១,៥ ភាគរយនៅក្នុងខែវិច្ឆិកា នៃបរិមាណរថយន្តដែលបានផលិតនៅរោងចក្ររបស់ខ្លួននៅជុំវិញសកលលោក ដែលឈានដល់កំណត់ត្រាថ្មីចំនួន ៨៣៣ ១០៤គ្រឿង។
ប៉ុន្តែផលិតកម្មក្នុងស្រុកបានធ្លាក់ចុះ ៣,៣% មកនៅត្រឹម ២៦៦ ១៧៤ គ្រឿង ខណៈដែលនៅក្រៅប្រទេសកើនឡើង ៣,៨% ដល់កម្រិតខ្ពស់បំផុតគឺ ៥៦៦ ៩៣០គ្រឿង សម្រាប់ខែវិច្ឆិកា។
ក្រុមហ៊ុន Toyota បាននិយាយថាការលក់ និងការផលិតជាសាកលក្នុងខែវិច្ឆិកា បានកើនឡើងលើសកម្រិតកាលពីឆ្នាំមុន ដោយសារតម្រូវការដ៏ច្រើន ជាពិសេសនៅអាមេរិកខាងជើង និងការងើបឡើងវិញនៃការផ្គត់ផ្គង់ផ្នែកដែលត្រូវបានរងផលប៉ះពាល់ដោយការធ្លាក់ចុះនៃកូវីដ១៩។
ក្នុងនោះក្រុមហ៊ុនផលិតរថយន្តជប៉ុននេះបានរាយការណ៍កាលពីដើមខែនេះថា ខ្លួនរំពឹងថានឹងផលិតរថយន្តចំនួន ៧០ម៉ឺន គ្រឿងក្នុងខែមករា និងរក្សាបាននូវគោលដៅចំនួន ៩,២ លានគ្រឿងក្នុងឆ្នាំរហូតដល់ខែមីនា។
ក្រុមហ៊ុន Toyota ធ្លាប់បានរំពឹងថានឹងផលិតរថយន្តចំនួន ៩,៧ លានគ្រឿងក្នុងឆ្នាំសារពើពន្ធនេះ ប៉ុន្តែត្រូវបានបង្ខំឱ្យកាត់បន្ថយគោលដៅនៅក្នុងខែវិច្ឆិកា ដោយសារក្រុមហ៊ុននេះជួបការលំបាកជាមួយនឹងការកើនឡើងតម្លៃសម្ភារៈ និងកង្វះខាតនៃបន្ទះឈីប ប៉ុន្តែនៅតែនាំមុខផលិតកម្មកាលពីឆ្នាំមុនប្រហែល ៨,៦លានគ្រឿង៕