[កម្សាន្ត] យោងសារព័ត៌មាន CNBC បានរាយការណ៍ថា ផលិតកម្មយក្សរបស់កូរ៉េខាងត្បូង SM Entertainment នឹងបង្កើតទីស្នាក់ការកណ្តាលនៅអាស៊ី របស់ខ្លួនក្នុងប្រទេសសិង្ហបុរី ដែលជាផ្នែកមួយនៃផែនការពង្រីករបស់ខ្លួននៅក្នុងតំបន់។ ខណៈក្រុមហ៊ុនកម្សាន្តកូរ៉េខាងត្បូងនេះស្ថិតនៅពីក្រោយការសម្ដែងរបស់ K-pop ដ៏ល្បីៗជាច្រើនដូចជា EXO, NCT, Super Junior, SHINee, aespa និង Girls’ Generations ជាដើម។
ការចូលទីកាន់ប្រទេសសិង្ហបុរីក៏នឹងរួមបញ្ចូលផងដែរនូវអាជីវកម្មលក់រាយដូចជាហាងកាហ្វេ ហាងលក់ទំនិញ និងការតាំងបង្ហាញផ្សេងៗ។ ក្នុងនោះស្ថាបនិក SM លោក Lee Soo Man បានប្រាប់ស្ថានីយទូរទស្សន៍ CNBC ក្នុងបទសម្ភាសន៍កាលពីខែវិច្ឆិកាថា លោកមានបំណងចង់បង្កើតក្រុម NCT Singapore ថ្មី ប្រសិនបើមានឱកាសកើតឡើង។ ក្រុមចម្រៀងប្រុស NCT មានសមាជិក២៣នាក់ត្រូវបានបែងចែកជាក្រុមរងមួយចំនួនរួមមាន NCT Dream និង NCT 127។
លោក Lee បាននិយាយអំពីផែនការដើម្បីពង្រីកបន្តិចម្តងៗទៅកាន់ផ្នែកផ្សេងទៀតនៃតំបន់ រួមទាំងមជ្ឈិមបូព៌ា ហើយក៏បានបញ្ជាក់ផងដែរថា ក្រុម K-pop SuperM នឹងធ្វើការប្រកាសត្រលប់មកវិញនៅដើមឆ្នាំ២០២៣។
លោកបានបដិសេធមិនប្រាប់ពីចំនួនដែល SM Entertainment កំពុងវិនិយោគលើការពង្រីករបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី ប៉ុន្តែបានចែករំលែកថាក្រុមហ៊ុន “កំពុងស្ថិតក្នុងការជួលអ្នកដែលមានទេពកោសល្យក្នុងស្រុកបន្ថែមទៀត ដែលសង្ឃឹមថានឹងបង្កើនចំនួនបុគ្គលិកពេញម៉ោង”។
ការិយាល័យថ្មីនេះក៏នឹងជា “ការិយាល័យដែលមានការគ្រប់គ្រងការបណ្តាក់ទុនរួមគ្នានៅក្នុងប្រទេសឥណ្ឌូនេស៊ី វៀតណាម និងថៃ ក៏ដូចជាទំនាក់ទំនងជាមួយ (ការិយាល័យកូរ៉េខាងត្បូង) សម្រាប់ការបណ្តាក់ទុន និងផែនការពាក់ព័ន្ធផ្សេងទៀត”៕