លោក Elon Musk បានធ្វើការដឹកនាំក្រុមនៃក្រុមហ៊ុន Twitter Inc ក្នុងការស្វែងរកការសន្សំតម្លៃហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំរហូតដល់ ១ពាន់លានដុល្លារ នេះបើយោងតាមប្រភពដែលដឹងពីបញ្ហានេះ និងសារ Slack ផ្ទៃក្នុងដែលត្រូវបានពិនិត្យដោយ Reuters ដោយក្រុមហ៊ុនមានបំណងស្វែងរកចន្លោះពី ១,៥លានដុល្លារទៅ ៣ លានដុល្លារក្នុងមួយថ្ងៃក្នុងការសន្សំពីម៉ាស៊ីនមេ(Server) និងសេវាកម្មពពក(Cloud Service)។
បច្ចុប្បន្ន Twitter កំពុងខាតបង់ប្រហែល ៣លានដុល្លារក្នុងមួយថ្ងៃ “ជាមួយនឹងការចំណាយ និងប្រាក់ចំណូលទាំងអស់”។ ការកាត់បន្ថយហេដ្ឋារចនាសម្ព័ន្ធដ៏ច្រើនអាចធ្វើឲ្យគេហទំព័រ និងកម្មវិធី Twitter ប្រឈមនឹងហានិភ័យនៃការធ្លាក់ចុះក្នុងអំឡុងពេលព្រឹត្តិការណ៍សំខាន់ៗ នៅពេលដែលអ្នកប្រើប្រាស់កំពុងប្រញាប់ប្រញាល់ទៅកាន់ Twitter ដើម្បីប្រើប្រាស់ និងចែករំលែកព័ត៌មាន ដូចជាអំឡុងពេលមានវិបត្តិ ឬព្រឹត្តិការណ៍នយោបាយធំៗជាដើម។
ប្រភពមួយបាននិយាយថាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងស្វែងរកថាតើត្រូវកាត់បន្ថយទំហំ Server បន្ថែមដែលត្រូវបានរក្សាទុកដើម្បីធានាថា Twitter អាចគ្រប់គ្រងចរាចរណ៍(Traffic)បានខ្ពស់ឬអត់។
យោងតាមប្រភពមួយទៀត និងសារ Slack បានឱ្យដឹងថា ក្រុមនៅទូទាំងក្រុមហ៊ុន Twitter កំពុងប្រកួតប្រជែងដើម្បីបង្ហាញផែនការដើម្បីសម្រេចបាននូវការសន្សំការចំណាយត្រឹមថ្ងៃផុតកំណត់នៅថ្ងៃទី៧ ខែវិច្ឆិកា។ ប្រភពដដែលបានបន្តថា បុគ្គលិកមួយចំនួនត្រូវបានបញ្ជាឱ្យធ្វើការក្នុងការិយាល័យជារៀងរាល់ថ្ងៃនៃថ្ងៃឈប់ដើម្បីបំពេញតាមកាលកំណត់៕