[ប្រទេសឥណ្ឌា] យោងតាមការបង្ហាញចេញរបស់ក្រុមហ៊ុន Apple Inc បានបង្ហាញថាខ្លួននឹងចាប់ផ្តើមធ្វើឱ្យប្រសើរឡើង(Upgrade)នូវម៉ូដែល iPhone របស់ខ្លួននៅក្នុងប្រទេសឥណ្ឌានាខែធ្នូ ដើម្បីអនុញ្ញាតអោយអតិថិជនខ្លួនអាចប្រើនូវបណ្តាញ 5G បាន ខណៈដែលអាជ្ញាធរឥណ្ឌាបានជំរុញក្រុមហ៊ុនផលិតទូរស័ព្ទឱ្យទទួលយកនូវការប្រើប្រាស់បណ្តាញដែលមានល្បឿនលឿន។
ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងជំរុញការអាប់ដេតកម្មវិធីទៅម៉ូដែលថ្មីៗ រួមទាំង iPhone 14, 13, 12 និង iPhone SE។ ក្រុមហ៊ុន Apple បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងកំពុងធ្វើការជាមួយដៃគូក្រុមហ៊ុនដឹកជញ្ជូនរបស់យើងនៅក្នុងប្រទេសឥណ្ឌា ដើម្បីនាំយកបទពិសោធន៍ 5G ដ៏ល្អបំផុតដល់អ្នកប្រើប្រាស់ iPhone ភ្លាមៗនៅពេលដែលការផ្ទៀងផ្ទាត់បណ្តាញ និងការធ្វើតេស្តគុណភាព និងដំណើរការត្រូវបានបញ្ចប់”។ “5G នឹងត្រូវបានបើកតាមរយៈការអាប់ដេតកម្មវិធី ហើយនឹងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់សម្រាប់អ្នកប្រើប្រាស់ iPhone នៅក្នុងខែធ្នូ”។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានធ្វើការដាក់ដំណើរការចាប់ផ្តើមសេវាកម្ម 5G កាលពីថ្ងៃទី១ ខែតុលា ដោយប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេ Reliance Jio នឹងដាក់ដំណើរការឱ្យសេវា 5G នេះមាននៅក្នុងទីក្រុងចំនួន ៤ ហើយក្រុមហ៊ុន Bharti Airtel មានចំនួន ៨។
ក្នុងនោះ ការិយាល័យកំពូលមកពីនាយកដ្ឋានទូរគមនាគមន៍ និងព័ត៌មានវិទ្យារបស់ប្រទេសឥណ្ឌានឹងធ្វើជាប្រធានកិច្ចប្រជុំមួយនៅថ្ងៃពុធសម្រាប់ការអនុម័តប្រព័ន្ធ 5G នៅដើមឆ្នាំ ដោយស្នើសុំឱ្យនាយកប្រតិបត្តិពី Apple, Samsung, Vivo និង Xiaomi ក៏ដូចជាប្រតិបត្តិករទូរគមនាគមន៍ក្នុងស្រុក Reliance, Airtel និង Vodafone Idea មានវត្តមាន នេះបើយោងតាមឯកសារដែលបានរកឃើញដោយ Reuters៕