[មីយ៉ាន់ម៉ា] ក្រុមហ៊ុន Toyota Motor បានធ្វើការចាប់ផ្តើមផ្គុំតម្លើងរថយន្តនៅរោងចក្រថ្មីមួយក្នុងប្រទេសមីយ៉ាន់ម៉ា ដែលការចាប់ផ្តើមត្រូវបានផ្អាកអស់រយៈពេលជាង ១៩ខែ បន្ទាប់ពីរដ្ឋប្រហារយោធា និងការរាតត្បាតនៃកូវីដ១៩។
ក្រុមហ៊ុនផលិតរថយន្តជប៉ុនបាននិយាយថា រោងចក្រខ្លួនកំពុងបើកដំណើរការធម្មតា បើទោះបីជាក្រុមហ៊ុនផ្សេងទៀតបានដកខ្លួនចេញពីប្រទេសនេះ ដោយបានចាប់ផ្តើមដំឡើងរថយន្តមួយ ឬពីរគ្រឿងក្នុងមួយថ្ងៃ ដោយចាប់ផ្តើមពីការធ្វើការពីឧបករណ៍គ្រឿងបន្លាស់ដែលបានដឹកជញ្ជូនទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងខែកញ្ញា។
ក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនចម្រុះជាតិសាសន៍ផ្សេងទៀតបានប្រឈមមុខនឹងសម្ពាធដើម្បីដកខ្លួនចេញពីការវិនិយោគនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលត្រូវបានគេមើលឃើញថាផ្តល់ផលប្រយោជន៍ដល់យោធា។
ក្រុមហ៊ុន Toyota បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងជឿថា ការនាំចេញរបស់យើង គឺជាការរួមចំណែកដល់ការអភិវឌ្ឍន៍ឧស្សាហកម្មនៃប្រទេសមីយ៉ាន់ម៉ា និងដើម្បីគាំទ្រដល់បុគ្គលិករបស់យើង និងគ្រួសាររបស់ពួកគេ”។ “ក្រោមកាលៈទេសៈទាំងនេះ យើងកំពុងខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធទាំងអស់”។
រោងចក្រនេះដើមឡើយគ្រោងនឹងបើកដំណើរការនៅខែកុម្ភៈ ឆ្នាំ២០២១ ដែលជាខែដូចគ្នាដែលយោធាបានដណ្តើមអំណាចដើម្បីបញ្ឈប់អតីតមេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ពីការបង្កើតរដ្ឋាភិបាលថ្មី។
កាលពីខែមិថុនា ក្រុមហ៊ុនភេសជ្ជៈជប៉ុន Kirin Holdings បាននិយាយថា ខ្លួននឹងលក់ភាគហ៊ុនរបស់ខ្លួននៅក្នុងការបណ្តាក់ទុនរួមគ្នារបស់មីយ៉ាន់ម៉ាជាមួយដៃគូក្នុងស្រុកដែលភ្ជាប់ទំនាក់ទំនងយោធា។
រោងចក្រតូយ៉ូតាស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Thilawa ដែលជាមជ្ឈមណ្ឌលផលិតកម្ម និងដឹកជញ្ជូននៅខាងក្រៅមជ្ឈមណ្ឌលធុរកិច្ចទីក្រុងយ៉ាំងហ្គោន ដែលសាងសង់ដោយការវិនិយោគរបស់ជប៉ុន។
ក្រុមហ៊ុន Toyota បាននិយាយនៅក្នុងឆ្នាំ២០១៩ ថា ខ្លួននឹងចាប់ផ្តើមដំឡើងរថយន្ត Hilux នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ការសម្រេចចិត្តរបស់ខ្លួនក្នុងការចាប់ផ្តើមផលិតកម្មឡើងវិញត្រូវបានរាយការណ៍ជាលើកដំបូងដោយអាជីវកម្មប្រចាំថ្ងៃ Nikkei៕