ប្រធានក្រុមហ៊ុន Macronix បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ Macronix International Co Ltd កំពុង “ធ្វើបានយ៉ាងល្អ” ក្នុងការជំនួសអតិថិជនបន្ទាប់ពីការហាមឃាត់របស់ Trump ក្នុងការផ្គត់ផ្គង់របស់ក្រុមហ៊ុន Huawei ។
នៅក្នុងខែសីហា ឆ្នាំ២០២០ រដ្ឋបាល Trump បានពង្រីកការទប់ស្កាត់របស់ខ្លួនលើក្រុមហ៊ុន Huawei និងបានហាមឃាត់អ្នក ផ្គត់ផ្គង់ពីការលក់បន្ទះឈីបដែលផលិតដោយប្រើប្រាស់បច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកទៅឱ្យក្រុមហ៊ុនចិនដោយគ្មានអាជ្ញាប័ណ្ណពិសេស។
ប្រធាន និងជានាយកប្រតិបត្តិ Macronix លោក Miin Wu បានប្រាប់អ្នកយកព័ត៌មាននៅឯទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននៅក្នុងមជ្ឈមណ្ឌលបន្ទះឈីបរបស់តៃវ៉ាន់ Hsinchu ថា Huawei ធ្លាប់ជាអតិថិជនលេខមួយរបស់ពួកគេដែលទាក់ទងនឹង 5G ។
ខណៈពេលនេះក្រុមហ៊ុននេះកំពុងទទួលបានអតិថិជនថ្មីជាច្រើនពីអឺរ៉ុប សហរដ្ឋអាមេរិក ដែលពួកគេធ្លាប់តែ ទិញពីអ្នកផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក ឥឡូវនេះពួកគេកំពុងទិញពីក្រុមហ៊ុនមួយនេះ។
ការផ្លាស់ប្តូររបស់សហរដ្ឋអាមេរិកនៅក្នុងខែសីហា ឆ្នាំ ២០២០ បានបិទចន្លោះប្រហោងដែលអាចកើតមាននៅក្នុងការដាក់ទណ្ឌកម្មរបស់ខ្លួននៅដើមឆ្នាំនោះ ដែលអាចធ្វើឱ្យក្រុមហ៊ុន Huawei ទិញបន្ទះឈីបដោយប្រើបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកតាមរយៈភាគីទីបី។
ការទប់ស្កាត់នេះបានកើតឡើងចំពេលមានជម្លោះកាន់តែខ្លាំងឡើងនៅក្នុងទំនាក់ទំនងចិន-អាមេរិក នៅពេលដែលក្រុងវ៉ាស៊ីនតោនបានគាបសង្កត់រដ្ឋាភិបាលនានាឱ្យកាត់ផ្តាច់ក្រុមហ៊ុន Huawei ចេញ ដោយចោទប្រកាន់ថាក្រុមហ៊ុននឹងប្រគល់ទិន្នន័យទៅឱ្យទីក្រុងប៉េកាំងពីបទធ្វើចារកម្ម។ ប៉ុន្តែក្រុមហ៊ុន Huawei តែងតែបដិសេធថាខ្លួនមិនមែនជាអ្នកស៊ើបការណ៍សម្រាប់ប្រទេសចិន៕