កាលពីថ្ងៃអង្គារ Snap Inc ដែលជាម្ចាស់កម្មវិធីផ្ញើសារដ៏ពេញនិយម Snapchat បានដាក់ឱ្យប្រើប្រាស់មុខងារដំបូងរបស់ខ្លួន សម្រាប់ការគ្រប់គ្រងរបស់ឪពុកម្តាយ ដែលនឹងអនុញ្ញាតឱ្យឪពុកម្តាយមើលឃើញថាកូនរបស់ពួកគេកំពុងនិយាយជាមួយនរណា ប៉ុន្តែមិនមែនជាខ្លឹមសារនៃការសន្ទនារបស់ពួកគេនោះទេ។
មុខងារថ្មីដែលមានឈ្មោះថា Family Center កំពុងចាប់ផ្តើមនៅពេលដែលក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបានគេរិះគន់ជុំវិញកង្វះការការពារសម្រាប់កុមារ។ នៅក្នុងខែតុលា Snap និងដៃគូបច្ចេកវិទ្យារបស់ខ្លួន TikTok និង YouTube បានផ្តល់សក្ខីកម្មនៅចំពោះមុខសមាជិកសភាសហរដ្ឋអាមេរិក ដោយចោទប្រកាន់ក្រុមហ៊ុនទាំងនេះថាបានញុះញ៉ង់អ្នកប្រើប្រាស់វ័យក្មេង អោយមានការគំរាមកំហែង ឬដឹកនាំពួកគេឆ្ពោះទៅរកការបង្កគ្រោះថ្នាក់។ Instagram ក៏បានផ្តល់សក្ខីកម្មនៅក្នុងសវនាការរបស់ព្រឹទ្ធសភាកាលពីខែធ្នូ ជុំវិញសុវត្ថិភាពអនឡាញរបស់កុមារ បន្ទាប់ពីអ្នកបញ្ចេញព័ត៌មានរបស់ Facebook បានលេចធ្លាយឯកសារផ្ទៃក្នុងដែលបាននិយាយថា កម្មវិធីនេះបានប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងរូបរាងកាយរបស់ក្មេងជំទង់មួយចំនួន។
ជាមួយមុខងារនេះផងដែរត្រូវតម្រូវអោយឪពុកម្តាយអញ្ជើញ(invite)កូនរបស់ពួកគេឱ្យចូលរួមក្នុង Family Center នៅលើ Snapchat ហើយនៅពេលដែលក្មេងជំទង់យល់ព្រម ឪពុកម្តាយនឹងអាចមើលបញ្ជីមិត្តភក្តិរបស់កូនៗរបស់ពួកគេ និងអ្នកដែលពួកគេបានផ្ញើសារនៅលើកម្មវិធីក្នុងរយៈពេលប្រាំពីរថ្ងៃកន្លងមក ហើយពួកគេក៏អាចរាយការណ៍ដោយសម្ងាត់ណាមួយដែលទាក់ទងនឹងគណនីផងដែរ។
បន្ថែមពីនេះ Snap បាននិយាយថា ខ្លួនគ្រោងនឹងចាប់ផ្តើមមុខងារបន្ថែមនៅក្នុងប៉ុន្មានខែខាងមុខនេះ រួមទាំងការជូនដំណឹងដល់ឪពុកម្តាយនៅពេលដែលកូនរបស់ពួកគេរាយការណ៍ពីការរំលោភបំពានពីអ្នកប្រើប្រាស់។
គួរបញ្ជាក់ផងដែរថា មុខងារថ្មីរបស់ Snap គឺមានភាពស្រដៀងគ្នាជាមួយ Instagram ដែលបានដាក់ដំណើរការ Family Center របស់ខ្លួននៅក្នុងខែមីនា ដែលអនុញ្ញាតឱ្យឪពុកម្តាយមើលគណនីដែលកូន របស់ពួកគេតាមដាន និងរយៈពេលដែលពួកគេចំណាយលើកម្មវិធីផងដែរ៕