យោងតាមការរាយការណ៍ពី Bloomberg បានបង្ហាញថាប្រទេសស្រីលង្កាមានបំណងបញ្ឈប់ការបោះពុម្ភប្រាក់ដើម្បីការពារអតិផរណាខ្ពស់។ ប្រទេសដែលមានប្រជាជនចំនួន ២២ លាននាក់កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទស្សវត្ស ហើយមិនអាចចាយប្រាក់សម្រាប់ការនាំចូលសំខាន់ៗអស់រយៈពេលជាច្រើនខែ ដោយសារវិបត្តិប្រាក់ដុល្លារធ្ងន់ធ្ងរដែលបណ្តាលមកពីការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវ និងផលវិបាកនៃជំងឺរាតត្បាតកូវីដ១៩ លើវិស័យទេសចរណ៍ ដែលជាវិស័យសេដ្ឋកិច្ចពឹងផ្អែក។
កង្វះខាតប្រេងឥន្ធនៈ អាហារ និងថ្នាំពេទ្យបាននាំឱ្យមានការបិទសេវាកម្មជាច្រើន ហើយបានបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំដែលបានបន្តចាប់តាំងពីខែមីនា។ បន្ថែមពីនេះប្រទេសកោះនេះត្រូវបានបង្ខំឱ្យបិទសាលារៀន និងបញ្ឈប់ការផ្តល់ប្រេងឥន្ធនៈដល់សេវាកម្មចាំបាច់ទាំងអស់។
ថ្លែងទៅកាន់សភា នាយករដ្ឋមន្ត្រី Ranil Wickremesinghe បាននិយាយថា អត្រាអតិផរណារបស់ប្រទេសស្រីលង្កាត្រូវបានប៉ាន់ប្រមាណថាមាន ៦០ភាគរយ។ លោកបានទទួលស្គាល់ថា ការចរចាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លើកញ្ចប់ថវិកាសង្គ្រោះនាពេលនេះ មានភាពស្មុគស្មាញខ្លាំង ដោយសារប្រទេសនេះបានជំពាក់បំណុលគេ។
លោក Wickremesinghe បាននិយាយថា ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងកម្រិតការងារមួយនៅក្នុងខែសីហា ប៉ុន្តែវានៅតែហួសពីកាលបរិច្ឆេទកំណត់កាលពីខែមិថុនាមុន។
នៅក្នុងខែមិថុនា តម្លៃរបស់ប្រើប្រាស់នៅក្នុងប្រទេសស្រីលង្កាបានកើនឡើង ៥៤,៦% ធៀបនឹងឆ្នាំមុន។ ទន្ទឹមនឹងនេះ សន្ទស្សន៍តម្លៃនៃក្រុមដឹកជញ្ជូន និងអាហារបានកើនឡើង ១២៨% និង ៨០% រៀងគ្នាពីខែឧសភា ដោយសារកង្វះខាតដំណាំ និងប្រេងឆៅ។
ធនាគារកណ្តាលរបស់ប្រទេសស្រីលង្កាកំពុងស្ថិតនៅលើផ្លូវដើម្បីបោះពុម្ភប្រាក់បន្ថែមទៀត ខណៈដែលសេដ្ឋកិច្ចធ្លាក់ចុះបើធៀបនឹងឆ្នាំមុន ដោយនេះក៏បង្កើនការចំណាយផងដែរ៕