[ទីផ្សារបរទេស] ទើបតែថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្រុមហ៊ុន Lamborghini បានប្រកាសអំពីសមិទ្ធផលដែលអាចផលិតរថយន្ត Urus បានចំនួន ១៥ ០០០គ្រឿង ហើយរយៈពេល ១១ខែ ក្រោយមក រថយន្ត SUV នេះបានកើនឡើងដល់ ២ម៉ឺនគ្រឿង។
រថយន្ត Urus ទី២ម៉ឺនគ្រឿង មានប្រើប្រាស់ពណ៌ Viola Mithras ជាមួយដំបូល Panoramic និងមានដុំហ្វ្រាំងពណ៌ខ្មៅ ដែលរថយន្តនេះនឹងត្រូវដឹកជញ្ជូនអតិថិជនដែលមកពីប្រទេស Azerbaijan។
ជាមួយសមិទ្ធផលថ្មីនេះ Lamborghini ចំណាយពេលត្រឹម ៤ឆ្នាំប៉ុណ្ណោះ អាចសម្រេចវាបាន ដែលបានធ្វើឲ្យ Urus ក្លាយជារថយន្តលក់ចេញបានច្រើនក្នុងពេលដ៏ខ្លីជាងគេ។ រថយន្ត Urus បានឲ្យ Lamborghini បង្កើនចំនួនលក់ទ្វេដង និងជួយបង្កើតការងារបន្ថែមជាង ៥០០កន្លែង។
គួរដឹងថាឆាប់ៗខាងមុខនេះ រថយន្ត Urus អាចនឹងមានចេញជាប្រភេទ Evo ដែលទំនងជាមានថាមពលខ្លាំងក្លាជាងមុន ខណៈដែលម៉ាស៊ីន Twin-Turbo ចំណុះ៤,០លីត្រ ៨ស៊ីឡាំង នាពេលបច្ចុប្បន្នអាចផលិតកម្លាំងបាន ៦៥០សេះ។ រថយន្តថ្មីអាចនឹងបង្ហាញវត្តមាននៅខែសីហា ក្នុងកម្មវិធី Pebble Beach៕