ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃអង្គារទី៣១ ឧសភានេះថា ខ្លួននឹងកាត់បន្ថយពន្ធទិញពាក់កណ្តាលសម្រាប់រថយន្តម៉ាស៊ីនតូច ដើម្បីជំរុញការលក់រថយន្ត។
និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលនឹងកាត់បន្ថយពន្ធសម្រាប់រថយន្តដែលមានតម្លៃមិនលើសពី ៣០ម៉ឺនយន់ (៤៥ ០០០ដុល្លារ) និងមានម៉ាស៊ីនចំណុះ ២,០ លីត្រ ឬតូចជាងនេះមកត្រឹម ៥ភាគរយនៃតម្លៃ។
ការកាត់បន្ថយពន្ធនឹងត្រូវអនុវត្តសម្រាប់ការទិញចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២២ រហូតដល់ដំណាច់ឆ្នាំ។ វិធានការនេះគឺស្ថិតក្នុងចំណោមវិធានការជាបន្តបន្ទាប់ ដែលគណៈរដ្ឋមន្ត្រីរបស់ប្រទេសចិនបានបង្ហាញកាលពីថ្ងៃអង្គារ ដើម្បីស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ខណៈដែលគោលនយោបាយសូន្យនៃកូវីដដ៏តឹងរ៉ឹងរបស់ខ្លួនបានរំខានដល់ផលិតកម្ម និងធ្វើឱ្យតម្រូវការធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
រដ្ឋាភិបាលបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនគ្រោងនឹងបន្ធូរបន្ថយពន្ធលើការទិញរថយន្តដែលមានតម្លៃ ៦០ពាន់លានយន់ បន្ទាប់ពីទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោកបានឃើញការលក់ធ្លាក់ចុះស្ទើរតែ ៤៨ភាគរយនៅក្នុងខែមេសាធៀបនឹងឆ្នាំមុន។
រថយន្ត Nissan’s Sylphy, Lavida របស់ Volkswagen និង Haval H6 របស់ Great Wall Motor ស្ថិតក្នុងចំណោមម៉ូដែលដែលលក់ដាច់បំផុតនៅក្នុងប្រភេទដែលនឹងទទួលបានអត្ថប្រយោជន៍ពីការកាត់ពន្ធ៕