ក្រុមហ៊ុនផលិតរថយន្ត Stellantis គ្រោងនឹងវិនិយោគជាង ២,៥ពាន់លានដុល្លារក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Samsung SDI ដើម្បីបង្កើតរោងចក្រផលិតអាគុយរថយន្តអគ្គិសនីដំបូងបង្អស់របស់សហរដ្ឋអាមេរិក។
កាលពីថ្ងៃអង្គារក្រុមហ៊ុនបានប្រកាសថារោងចក្រថ្មីនេះនឹងមានទីតាំងនៅ Kokomo រដ្ឋ Indiana ជាកន្លែងដែល Stellantis មានមូលដ្ឋានផ្គត់ផ្គង់ ដោយវាក៏មានទីតាំងនៅកណ្តាលនៃរោងចក្រដំឡើងរថយន្តជាច្រើនរបស់ខ្លួននៅ Midwest ។
Stellantis បាននិយាយថា កន្លែងថ្មីនេះនឹងផ្គត់ផ្គង់អាគុយ lithium-ion សម្រាប់រថយន្តជាច្រើនប្រភេទ។ ការសាងសង់រោងចក្រគ្រោងនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ដោយផលិតកម្មត្រូវបានគេព្យាករថានឹងចាប់ផ្តើមដំណើរការនៅត្រីមាសទីមួយនៃឆ្នាំ២០២៥ ហើយរំពឹងថានឹងបង្កើតការងារថ្មីចំនួន ១ ៤០០។
រោងចក្រថ្មីនេះគឺជាផ្នែកមួយនៃគោលដៅរបស់ Stellantis ដើម្បីសម្រេចបានការលក់ប្រចាំឆ្នាំទូទាំងពិភពលោកនូវរថយន្តអគ្គិសនីចំនួន ៥លានគ្រឿងនៅត្រឹមឆ្នាំ២០៣០ ដែលត្រូវបានជំរុញដោយផែនការវិនិយោគចំនួន ៣៥ពាន់លានដុល្លារក្នុងការផ្គត់ផ្គង់អគ្គិសនី និងបច្ចេកវិទ្យានៅត្រឹមឆ្នាំ២០២៥។
រោងចក្រដែលនឹងដំណើរការតាមរយៈការបណ្តាក់ទុនរួមគ្នា ដោយ បន្ថែមលើ ប្រាក់រាប់សិបពាន់លានដុល្លារដែលប្រកាសដោយក្រុមហ៊ុនផលិតរថយន្តក្នុងប៉ុន្មានឆ្នាំថ្មីៗនេះសម្រាប់ការផលិតរថយន្តអគ្គិសនី និងអាគុយរបស់សហរដ្ឋអាមេរិកដើម្បីផ្តល់ថាមពលដល់ពួកគេ។
ក្រុមហ៊ុន Hyundai Motor កាលពីថ្ងៃសុក្រ បានបញ្ជាក់អំពីផែនការចំណាយប្រាក់ចំនួន ៥,៥៤ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី និងអាគុយដំបូងបង្អស់របស់ខ្លួននៅក្នុងរដ្ឋ Georgia។ ក្រុមហ៊ុនផ្សេងទៀតដូចជា General Motors, Ford Motor និង Volkswagen ក៏បានប្រកាសពីការវិនិយោគនៅសហរដ្ឋអាមេរិកស្រដៀងគ្នា។
គូររំលឹកផងដែរថា Stellantis ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទីបួនរបស់ពិភពលោកត្រូវបានបង្កើតឡើងដោយការរួមបញ្ចូលគ្នានៃក្រុមហ៊ុន Fiat Chrysler និង Groupe PSA ដែលមានមូលដ្ឋាននៅប្រទេសបារាំងក្នុងខែមករាឆ្នាំ ២០២១ ដោយ មានម៉ាករថយន្តសរុបចំនួន ១៤រួមមាន Alfa Romeo, Chrysler, Dodge, Fiat, Jeep និង Peugeot៕