[ទីផ្សារបរទេស] ក្រុមហ៊ុន Hyundai ដែលបានទទួលយកការប្រថុយប្រថានដោយអភិវឌ្ឍន៍នូវគ្រោងឆ្អឹងថ្មីសម្រាប់រថយន្តអគ្គិសនីដូចជារថយន្ត Ioniq 5 ជាដើមនោះ ហាក់ដូចកំពុងតែទទួលបានផ្លែផ្កាជាបណ្ដើរៗហើយ ដោយក្រុមហ៊ុនបានរាយការណ៍ថា ២០% នៃចំនួនលក់នៅអឺរ៉ុប គឺជាប្រភេទរថយន្តអគ្គិសនី។
ការចុះផ្សាយរបស់ Korea Times បានឲ្យដឹងថាក្នុងចំណោមរថយន្តចំនួន ៥៧ ៨៤២គ្រឿង ដែល Hyundai បានលក់ចេញនៅអឺរ៉ុប ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២២នេះ មានចំនួន ១១ ៥៣២គ្រឿង គឺជារថយន្តអគ្គិសនីសុទ្ធ។ កាន់តែអស្ចារ្យនោះគឺថាក្នុងចំណោមរថយន្តជាង ២០ម៉ូដែល ដែល Hyundai លក់នៅអឺរ៉ុប គឺមានតែបីម៉ូដែលប៉ុណ្ណោះជាប្រភេទរថយន្តអគ្គិសនីសុទ្ធ ដែលរួមមានរថយន្ត Ioniq 5, Kona Electric និង Ioniq Electric។
បន្ថែមពីនេះទៀត តួលេខនេះគឺច្រើនជាងមុន ១០ដង បើធៀបទៅនឹងតួលេខកាលពីឆ្នាំ២០១៨ ដោយពេលនោះរថយន្តអគ្គិសនីគឺមានចំណែកតែ ២% ប៉ុណ្ណោះ ក្នុងចំណោមរថយន្តដែលក្រុមហ៊ុនលក់ចេញនៅអឺរ៉ុប។
Hyundai បានដាក់គោលដៅបង្កើនភាគរយរថយន្តអគ្គិសនីឡើងពី ២០% ឲ្យបានដល់ ៦៩% នៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ ដែលជាគោលដៅមួយខ្ពស់ជាងគោលដៅសម្រាប់ទីផ្សារសហរដ្ឋអាមេរិក (៥៨%) និងទីផ្សារកូរ៉េខាងត្បូង (៣៦%)។ នៅត្រឹមឆ្នាំ២០៣៥ ក្រុមហ៊ុនមានគោលដៅចង់ឲ្យរថយន្តអគ្គិសនីមានចំណែក ១០០% នៃចំនួនលក់នៅអឺរ៉ុបតែម្ដង។
គួរដឹងថានៅថ្ងៃខាងមុខទៀត Hyundai បានកំណត់គោលដៅដោយចង់លក់រថយន្តអគ្គិសនីឲ្យបាន ២៧ម៉ឺនគ្រឿង ក្នុងឆ្នាំ២០២៦ និងគោលដៅ ៤៨ម៉ឺនគ្រឿង ដែលចង់សម្រេចឲ្យបានត្រឹមឆ្នាំ២០៣០ ដែលនេះគឺជាគោលដៅសកលលោកតែម្ដង៕