នាយកដ្ឋានពន្ធដារវៀតណាម បានបង្កើតគេហទំព័រសម្រាប់ប្រមូលពន្ធពីក្រុមហ៊ុនបរទេសធំៗ ដើម្បីបង្កភាពងាយស្រួលដល់ក្រុមហ៊ុនបច្ចេកវិទ្យា ដូចជា Facebook និង Google ក្នុងការបំពេញកាតព្វកិច្ចរបស់ពួកគេ។
វិបផតថល នៃអគ្គនាយកដ្ឋានពន្ធដារ សម្រាប់អ្នកផ្តល់សេវាបរទេស (etaxvn.gdt.gov.vn) ត្រូវបានដាក់ឲ្យដំណើរការ នៅថ្ងៃច័ន្ទសម្រាប់ក្រុមហ៊ុននានា ដើម្បីប្រកាសពន្ធ និងតាមដានការបង់ប្រាក់របស់ពួកគេ។
លោក Nguyen Van Phung ប្រធានទីភ្នាក់ងារពន្ធដារសហគ្រាសធំ (Large Enterprise Taxation Agency) បាននិយាយថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនបរទេសបានបង់ពន្ធរបស់ពួកគេតាមរយៈភាគីទី៣ ប៉ុន្តែឥឡូវនេះពួកគេអាចបង់ដោយផ្ទាល់បានហើយ។
លោក Phung បានបន្ថែមថា តាមរយៈការបំពេញព័ត៌មានលម្អិតរបស់ពួកគេនៅលើគេហទំព័រនោះ ពួកគេអាចមើលឃើញថាតើពួកគេត្រូវបង់ប្រាក់ប៉ុន្មាន និងព័ត៌មានលម្អិតអំពីគណនីធនាគាររបស់ពួកគេ។
គួរឲ្យដឹងថា ជាទូទៅ ក្រុមហ៊ុនបរទេសត្រូវបានតម្រូវឲ្យបង់ពន្ធលើតម្លៃបន្ថែម (VAT) និង ពន្ធលើប្រាក់ចំណូលសាជីវកម្ម រៀងរាល់មួយត្រីមាសម្តង។ យោងតាមអាជ្ញាធរពន្ធដារវៀតណាម បានឲ្យដឹងថា មានអ្នកផ្តល់សេវាបរទេសយ៉ាងហោចណាស់ ៦៤ ដែលកំពុងធ្វើមានសកម្មភាព នៅក្នុងប្រទេសវៀតណាម៕