[ទីផ្សារបរទេស] កាលពីកន្លងទៅក្រុមហ៊ុនផលិតម៉ូតូ Honda បានធ្វើការប្រកាសចេញលក់សម្រាប់ទីផ្សារនៅអឺរ៉ុបនូវម៉ូឌែល ST125 Dax ស៊េរីឆ្នាំ ២០២៣ ជាមួយនឹងរូបរាងបែប Classic និងសន្សំសំចៃសាំង ៣,៨ លីត្រ អាចជិះបានចម្ងាយ ២៤០ គីទ្បូម៉ែត្រ ។
ការឌីហ្សាញនៃម៉ូតូ Honda ST125 Daxមានលក្ខណៈបែប Classic ដោយរចនាទ្បើងជាមួយនឹងចង្កៀងមុខ-ក្រោយប្រភេទ LED, កុងទ័រឌីជីថល LCD ដែលបង្ហាញព័ត៌មានចាំបាច់ទាំងអស់សម្រាប់អ្នកបើកបរ និងធុងសាំងអាចផ្ទុកបានចំណុះរហូតដល់ ៣,៨ លីត្រ។ បន្ថែមពីនេះម៉ូតូ Honda ST125 Dax ក៏មានប្រព័ន្ធហ្វាំ្រង ABS ផងដែរ។
Honda ST125 Dax ជាប្រភេទម៉ូតូខ្នាតតូចដែលបានបំពាក់ដោយម៉ាស៊ីនសាំង SOHC2 ទំហំ ១ ស៊ីទ្បាំង ចំណុះ ១២៤សេសេ ផលិតកម្លាំង ៩,៣៨សេះ និងកម្លាំងរមួល ១០,៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់ចង្កឹះលេខ ៥ វគ្គ។
ខណៈដែលម៉ូតូនេះជួយសន្សំសំចៃសាំង និងប្រើបានយូរ ដំណើរការជាមួយនឹងប្រព័ន្ធប៊ិច fuel- injectors ដោយកម្រិតនៃការប្រើប្រាស់សាំងក្នុង ១ លីត្រ អាចជិះបានចម្ងាយ ៦៣,៧ គីទ្បូម៉ែត្រ ឬ ៣,៨ លីត្រ អាចជិះបានចម្ងាយ ២៤០ គីទ្បូម៉ែត្រ ដែលអាចបង្កើនល្បឿន ៩០ គីឡូម៉ែត្រក្នុងរយៈពេល ១ ម៉ោង។
យ៉ាងណាមិញចំពោះ Honda ST125 Dax ស៊េរីឆ្នាំ ២០២៣ មានជម្រើស ២ ពណ៍ ប្រផេះ និងក្រហម ប៉ុន្តែតម្លៃរបស់ម៉ូតូនេះមិនទាន់បានបង្ហាញជាផ្លូវការនៅទ្បើយទេ៕