នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានបរិច្ចាគភាគហ៊ុនសរុបចំនួន ៥ ០៤៤ ០០០ ភាគហ៊ុន នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ខ្លួន ដល់អង្គការសប្បុរសធម៌ចាប់ពីថ្ងៃទី ១៩ ខែវិច្ឆិកា ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការមូលបត្រអាមេរិក (SEC) បានបង្ហាញកាលពីថ្ងៃច័ន្ទ ទី១៤ ខែកុម្ភៈ។
យោងតាមប្រភពខាងលើបានបង្ហាញថា ការបរិច្ចាគនោះមានតម្លៃ ៥,៧៤ ពាន់លានដុល្លារឯណោះ ដោយផ្អែកលើតម្លៃនៃភាគហ៊ុន Tesla ក្នុងរយៈពេល ៥ថ្ងៃ ដែលលោកបានបរិច្ចាគភាគហ៊ុន។
ទោះបីជាយ៉ាងណាក៏ដោយ ឯកសារខាងលើនោះមិនបានបង្ហាញឈ្មោះអង្គការសប្បុរសធម៌ណាឡើយ។
គួររំលឹកឲ្យដឹងដែរថា កាលពីចុងឆ្នាំ ២០២១ កន្លងទៅ មហាសេដ្ឋីរូបនេះបានលក់ភាគហ៊ុនតម្លៃ ១៦,៤ ពាន់លានដុល្លារអាមេរិក បន្ទាប់ពីបានស្ទង់មតិអ្នកប្រើប្រាស់ Twitter អំពីការដកភាគហ៊ុន ១០ ភាគរយរបស់ខ្លួន នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla។
លោក Elon Musk បានបង្ហោះសារកាលពីឆ្នាំមុនថា លោកនឹងបង់ពន្ធច្រើនជាង ១១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ដោយសារតែការអនុវត្តជម្រើសភាគហ៊ុនរបស់លោក ដែលនឹងត្រូវផុតកំណត់នៅឆ្នាំនេះ៕