ត្បូងពេជ្រពណ៌ខ្មៅអាយុខ្ទង់ពាន់លានឆ្នាំមួយដុំ ដែលគេជឿថា ជាពេជ្រកាត់ដ៏ធំបំផុតលើពិភពលោក ត្រូវបានលក់ក្នុងតម្លៃ ៤,៣លានដុល្លារ។
ត្បូងពេជ្រពណ៌ខ្មៅ ដែលមានឈ្មោះថា “The Enigma” មានទម្ងន់ ៥៥៥,៥៥ ការ៉ាត់ ហើយមានទម្ងន់ប្រហាក់ប្រហែលនឹងចេកមួយផ្លែ ដំបូងឡើយត្រូវបានគេរំពឹងថា នឹងលក់បានច្រើនជាង ៥,៩លានដុល្លារ នៅលើការដេញថ្លៃតាមអនឡាញ។
យ៉ាងណាមិញ ក្រុមហ៊ុនដេញថ្លៃ Sotheby បាននិយាយថា “អ្នកទិញបានជ្រើសរើសប្រើរូបិយប័ណ្ណគ្រីបតូសម្រាប់ការទិញនេះ” ។
គួរឲ្យដឹងថា វាមានរឿងរ៉ាវនៅពីក្រោយប្រភពដើមនៃត្បូងពេជ្រពណ៌ខ្មៅ The Enigma នោះ រួមទាំងថា វាត្រូវបានធ្លាក់មកផែនដីតាមរយៈអាចម៍ផ្កាយមួយដុំទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយ Sotheby មិនបានកំណត់អត្តសញ្ញាណអ្នកទិញនោះទេ ប៉ុន្តែក្រោយមកសហគ្រិនរូបិយប័ណ្ណគ្រីបតូ លោក Richard Heart បានប្រកាសនៅលើបណ្ដាញសង្គមអះអាងថា លោកជាអ្នកទិញ The Enigma៕