ក្រុមហ៊ុន Ford Motor គ្រោងនឹងផ្អាក ឬកាត់បន្ថយការផលិតនៅរោងចក្រចំនួន ៨ របស់ខ្លួននៅសហរដ្ឋអាមេរិក ម៉ិចស៊ីកូ និងកាណាដា ពេញមួយសប្តាហ៍ក្រោយ ដោយសារតែមានឧបសគ្គក្នុងការផ្គត់ផ្គង់បន្ទះឈីប។ នេះបើតាមអ្នកនាំពាក្យម្នាក់បានប្រាប់ទៅកាន់សារព័ត៌មាន Reuters កាលពីថ្ងៃសុក្រ។
ការផ្លាស់ប្តូរនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តនៅក្រុង Detroit បានព្រមានថា ការខ្វះខាតបន្ទះឈីបនឹងនាំទៅរកការថយចុះនៃបរិមាណរថយន្តនៅក្នុងត្រីមាសបច្ចុប្បន្ន។
គួរឲ្យដឹងថា ផលិតកម្មនៅរោងចក្រក្នុងរដ្ឋ Michigan, ទីក្រុង Chicago និងនៅ Cuautitlan ប្រទេសម៉ិកស៊ីកូ នឹងត្រូវផ្អាក។ នៅក្នុងទីក្រុង Kansas ការផលិតរថយន្តភីកអាប់ F-150 របស់ Ford នឹងត្រូវផ្អាក ខណៈដែលការធ្វើការតែមួយវេននឹងដំណើរការសម្រាប់ការផលិតរថយន្ត Transit។
ក្រុមហ៊ុនផលិតរថយន្ត Ford ក៏នឹងដំណើរការ វេនធ្វើការតែមួយ ឬកាត់បន្ថយកាលវិភាគនៅរោងចក្ររបស់ខ្លួននៅ Dearborn, Kentucky និង Louisville ហើយក៏នឹងដកម៉ោងបន្ថែម នៅរោងចក្រ Oakville នៅក្នុងប្រទេសកាណាដា ផងដែរ។
ការផ្លាស់ប្តូរទាំងអស់នោះនឹងប្រព្រឹត្តទៅ សម្រាប់សប្តាហ៍ដែលចាប់ផ្តើមនៅថ្ងៃទី៧ ខែកុម្ភៈ ខាងមុខនេះតែម្តង៕