ក្រុមហ៊ុន China Unicom បានក្លាយជាក្រុមហ៊ុនទូរគមនាគមន៍យក្សចុងក្រោយបង្អស់របស់ចិន ដែលត្រូវបានហាមឃាត់ពីសហរដ្ឋអាមេរិក ជុំវិញបញ្ហា “សន្តិសុខជាតិ” និង “ចារកម្ម” ដ៏សំខាន់បំផុត។
គណៈកម្មការទំនាក់ទំនងសហព័ន្ធ Federal Communications Commission (FCC) បាននិយាយថា ខ្លួនបានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីលុបចោលការអនុញ្ញាតសម្រាប់ក្រុមហ៊ុន China Unicom សាខាអាមេរិក ក្នុងការធ្វើប្រតិបត្តិការនៅសហរដ្ឋអាមេរិក។
គួរឲ្យដឹងថា ក្រុមហ៊ុនខាងលើត្រូវតែបញ្ឈប់ការផ្តល់សេវាទូរគមនាគមន៍នៅអាមេរិក ក្នុងរយៈពេល ៦០ ថ្ងៃ។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន China Telecom ដែលមានអាជ្ញាប័ណ្ណប្រតិបត្តិការនៅសហរដ្ឋអាមេរិក ត្រូវបានដកហូតកាលពីខែតុលា។
ប្រធាន FCC លោកស្រី Jessica Rosenworcel បាននិយាយថា “មានភស្តុតាងកាន់តែច្រើនឡើង ហើយជាមួយនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ក្រុមហ៊ុនរបស់រដ្ឋចិន បង្កការគំរាមកំហែងពិតប្រាកដដល់សន្តិសុខនៃបណ្តាញទូរគមនាគមន៍របស់យើង”។
China Unicom បានប្រាប់ទៅកាន់សារព័ត៌មាន BBC ថា អង្គភាពអាមេរិករបស់ខ្លួន “មានកំណត់ត្រាល្អក្នុងការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិរបស់សហរដ្ឋអាមេរិក ដែលពាក់ព័ន្ធ និងការផ្តល់សេវាទូរគមនាគមន៍ និងដំណោះស្រាយជាដៃគូដែលអាចទុកចិត្តបានរបស់អតិថិជនរបស់ខ្លួន ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ”។
វាបានបន្ថែមថា “China Unicom (Hong Kong) Limited នឹងតាមដានយ៉ាងដិតដល់នូវការវិវត្តនៃស្ថានភាពនេះ”៕