ការនាំចេញរបស់ចិនបានកើនឡើងក្នុងឆ្នាំ ២០២១ លើតម្រូវការសកលដ៏រឹងមាំ ខណៈដែលប្រទេសនានាបានបើកទ្វារឡើងវិញពីការបិទខ្ទប់ជំងឺរាតត្បាតកូវីដ១៩។ នេះបើយោងតាមទិន្នន័យបានបង្ហាញកាលពីថ្ងៃសុក្រ ដោយធ្វើឲ្យអតិរេកពាណិជ្ជកម្មទាំងមូលកើនឡើងដល់កម្រិតខ្ពស់ថ្មី និងផ្តល់នូវការជំរុញ ដល់សេដ្ឋកិច្ចដែលជាប់គាំង ប៉ុន្តែក្រុមមន្ត្រីក៏បានព្រមានអំពីបញ្ហាប្រឈមមុខដែរ។
ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកខាងលើ បានមើលឃើញការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សពីមេរោគឆ្លងកូវីដ១៩ ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយ បន្ទាប់ពីមានករណីបានកើតឡើងជាលើកដំបូងនៅក្នុងទីក្រុងកណ្តាលមួយនៅចុងឆ្នាំ ២០១៩ ដែលអនុញ្ញាតឲ្យរោងចក្រធ្វើប្រតិបត្តិការ សម្រាប់គ្រឿងអេឡិចត្រូនិច និងការផ្គត់ផ្គង់វេជ្ជសាស្ត្រ។
ក្នុងនោះ បាននាំឲ្យមានការកើនឡើង ២៩,៩% នៃការនាំចេញកាលពីឆ្នាំមុន ដោយជួយជំរុញអតិរេកពាណិជ្ជកម្មប្រចាំឆ្នាំដល់ ៦៧៦ ពាន់លានដុល្លារ ខណៈអ្នកនាំពាក្យគយចិន លោក Li Kuiwen បាននិយាយថា ការកើនឡើងនេះត្រូវបានគាំទ្រដោយការកើនឡើងនៃការដឹកជញ្ជូនផលិតផលមេកានិច និងអេឡិចត្រូនិច។
គួរឲ្យដឹងផងដែរថា ការនាំចូលរបស់ប្រទេសចិន បានកើនឡើង ៣០,១% ឯណោះ។ សម្រាប់ខែធ្នូ ការនាំចេញបានកើនឡើងយ៉ាងច្រើនស្របតាមការរំពឹងទុក សរុប ២០,៩% ទោះបីជាការនាំចូលកើនត្រឹម ១៩,៥% ក៏ដោយ៕