ការិយាល័យប្រព័ន្ធផ្សព្វផ្សាយទីក្រុងឌូបៃ Dubai Media Office បាននិយាយកាលពីថ្ងៃចន្ទថា មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកឌូបៃ Dubai World Trade Centre (DWTC) នឹងក្លាយជាតំបន់គ្រីបតូ និងនិយតករសម្រាប់រូបិយប័ណ្ណគ្រីបតូ ព្រមទាំងទ្រព្យសម្បត្តិនិម្មិតផ្សេងទៀត ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញអាជីវកម្មថ្មី ខណៈដែលការប្រកួតប្រជែងសេដ្ឋកិច្ចក្នុងតំបន់កើនឡើង។
ការដែលអគារ Dubai World Trade Centre បង្កើតតំបន់ឯកទេសសម្រាប់ទ្រព្យសកម្មនិម្មិត រួមទាំងទ្រព្យសកម្មឌីជីថល ផលិតផល ប្រតិបត្តិករ និងការផ្លាស់ប្តូរ នេះ គឺជាផ្នែកមួយនៃការជំរុញដោយទីក្រុងឌូបៃ ដែលជាសហព័ន្ធមួយនៃសហព័ន្ធអារ៉ាប់រួម នៃ អេមីរ៉ាតទាំង ៧ ដើម្បីបង្កើតវិស័យសេដ្ឋកិច្ចថ្មីៗ។
វាបាននិយាយថា “ស្តង់ដារយ៉ាងម៉ត់ចត់សម្រាប់ការការពារអ្នកវិនិយោគ ការប្រឆាំងការលាងលុយកខ្វក់ ការប្រយុទ្ធប្រឆាំងនឹងការផ្តល់ហិរញ្ញប្បទាននៃអំពើភេរវកម្ម ការអនុលោមតាមច្បាប់ និងការតាមដានលំហូរនៃកិច្ចព្រមព្រៀងឆ្លងព្រំដែន នឹងត្រូវបានបង្កើតឡើងនៅទីនេះ”។
គួររំលឹកឲ្យដឹងដែរថា កាលពីខែកញ្ញា អាជ្ញាធរ UAE Securities and Commodities Authority និងអាជ្ញាធរ Dubai World Trade Centre Authority (DWTCA) បានយល់ព្រមលើក្របខណ្ឌដែលអនុញ្ញាតឲ្យ DWTCA អនុម័ត និងផ្តល់អាជ្ញាប័ណ្ណដល់សកម្មភាពហិរញ្ញវត្ថុ ទាក់ទងនឹងទ្រព្យសម្បត្តិគ្រីបតូ៕